២ ពង្សាវតារក្សត្រ 12:4-10 KHOV

4 យ៉ូអាស ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សង្ឃ​ថា ឯ​អស់​ទាំង​ប្រាក់ ជា​ដំឡៃ​នៃ​ដង្វាយ​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ថ្វាយ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ប្រាក់​របស់​មនុស្ស​នីមួយៗ​ដែល​កត់​ទុក​ក្នុង​បញ្ជី គឺ​ជា​ដង្វាយ​នៃ​គ្រប់​គ្នា​តាម​ច្បាប់ ហើយ​អស់​ទាំង​ប្រាក់ ដែល​អ្នក​ណា​កើត​មាន​ចិត្ត​ចង់​យក​មក​ថ្វាយ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

5 នោះ​ត្រូវ​ឲ្យ​ពួក​សង្ឃ​ទទួល​ប្រាក់​នោះ គឺ​ត្រូវ​ឲ្យ​គ្រប់​គ្នា​ទទួល​យក​ពី​ពួក​អ្នក​ដែល​ខ្លួន​ស្គាល់ ដើម្បី​ជួស‌ជុល​ត្រង់​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ ទោះ​បើ​ឃើញ​មាន​បាក់​បែក​នៅ​ត្រង់​ណា​ក៏​ដោយ

6 ប៉ុន្តែ​ដល់​ឆ្នាំ​ទី​២៣ ក្នុង​រាជ្យ​ស្តេច​យ៉ូអាស នោះ​ពួក​សង្ឃ​មិន​ទាន់​បាន​ជួស‌ជុល​កន្លែង​បាក់​បែក ក្នុង​ព្រះ‌វិហារ​នៅ​ឡើយ

7 ដូច្នេះ ស្តេច​យ៉ូអាស​ទ្រង់​ហៅ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ និង​ពួក​សង្ឃ​ឯ​ទៀត​មក​សួរ​ថា ហេតុ​អ្វី​បាន​ជា​មិន​បាន​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ​ដូច្នេះ ឥឡូវ​នេះ មិន​ត្រូវ​ឲ្យ​យក​ប្រាក់​ពី​ពួក​អ្នក​ដែល​ស្គាល់​ទៀត​ទេ គឺ​ត្រូវ​ប្រគល់​ប្រាក់​នោះ​ទៅ សំរាប់​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ​វិញ

8 ពួក​សង្ឃ​ក៏​យល់​ព្រម​ថា មិន​ត្រូវ​ទទួល​ប្រាក់​ពី​ពួក​បណ្តា‌ជន​ទៀត ក៏​មិន​ត្រូវ​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ​ដែរ។

9 ឯ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​យក​ហឹប​១​មក​ចោះ​ប្រហោង​ត្រង់​គ្រប រួច​ដាក់​ហឹប​នៅ​ខាង​ស្តាំ​អាស‌នា តាម​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ពួក​សង្ឃ​ដែល​រក្សា​ត្រង់​មាត់​ទ្វារ ក៏​យក​អស់​ទាំង​ប្រាក់ ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទៅ​ដាក់​ក្នុង​ហឹប​នោះ

10 រួច​មក​កាល​ឃើញ​ថា មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហឹប​ហើយ នោះ​ស្មៀន​ហ្លួង និង​សំដេច​សង្ឃ ក៏​ឡើង​ទៅ​រាប់​ប្រាក់ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ច្រក​ក្នុង​បាវ​ទុក