២ ពង្សាវតារក្សត្រ 12:8-14 KHOV

8 ពួក​សង្ឃ​ក៏​យល់​ព្រម​ថា មិន​ត្រូវ​ទទួល​ប្រាក់​ពី​ពួក​បណ្តា‌ជន​ទៀត ក៏​មិន​ត្រូវ​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ​ដែរ។

9 ឯ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​យក​ហឹប​១​មក​ចោះ​ប្រហោង​ត្រង់​គ្រប រួច​ដាក់​ហឹប​នៅ​ខាង​ស្តាំ​អាស‌នា តាម​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ពួក​សង្ឃ​ដែល​រក្សា​ត្រង់​មាត់​ទ្វារ ក៏​យក​អស់​ទាំង​ប្រាក់ ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទៅ​ដាក់​ក្នុង​ហឹប​នោះ

10 រួច​មក​កាល​ឃើញ​ថា មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហឹប​ហើយ នោះ​ស្មៀន​ហ្លួង និង​សំដេច​សង្ឃ ក៏​ឡើង​ទៅ​រាប់​ប្រាក់ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ច្រក​ក្នុង​បាវ​ទុក

11 ឯ​ប្រាក់​ដែល​បាន​ថ្លឹង​ប្រគល់​មក​ក្នុង​អំណាច​សំដេច​សង្ឃ នោះ​លោក​ក៏​ចំណាយ​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ គឺ​ជា​ពួក​អ្នក​ដែល​ត្រួត‌ត្រា​ការ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​អ្នក​ទាំង​នោះ​ក៏​ចេញ​ឲ្យ ដល់​ពួក​ជាង​ឈើ និង​ពួក​ជាង​ផ្សេងៗ ដែល​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

12 ហើយ​ដល់​ពួក​ជាង​រៀប​ថ្ម និង​ពួក​ជាង​ដាប់​ថ្ម ហើយ​សំរាប់​ទិញ​ឈើ និង​ថ្ម​ដាប់​ស្រាប់ សំរាប់​នឹង​ជួស‌ជុល​ត្រង់​កន្លែង​បាក់​បែក ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក៏​សំរាប់​អស់​ទាំង​ការ​ចំណាយ ដែល​ត្រូវ​ចាយ ដើម្បី​ជួស‌ជុល​ព្រះ‌វិហារ​ឡើង

13 ប៉ុន្តែ​មិន​បាន​យក​ប្រាក់ ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទៅ​ធ្វើ​ជា​គ្រឿង​មាស គ្រឿង​ប្រាក់ ដូច​ជា​ពែង គ្រប​ប្រឆេះ ចាន‌ក្លាំ ឬ​ត្រែ​ឡើយ

14 ដ្បិត​គេ​បាន​ឲ្យ​ដល់​ពួក​ជាង ដែល​ធ្វើ​ការ​វិញ សំរាប់​នឹង​ប្រើ​ការ​ជួស‌ជុល​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា