២ ពង្សាវតារក្សត្រ 13:18-24 KHOV

18 រួច​លោក​ទូល​ថា សូម​ចាប់​យក​ព្រួញ​ទាំង​នោះ​ទៅ ទ្រង់​ក៏​ចាប់​យក លោក​ក៏​ទូល​ទៀត​ថា សូម​បាញ់​ទៅ​ដី​ទៅ ទ្រង់​ក៏​បាញ់​អស់​គំរប់​៣​ដង​រួច​ឈប់

19 នោះ​អ្នក​សំណប់​របស់​ព្រះ​ក៏​ខឹង​នឹង​ស្តេច ហើយ​ទូល​ថា គួរ​តែ​ទ្រង់​បាន​បាញ់​ដល់​ទៅ​៥ ឬ​៦​ដង​ចុះ នោះ​ទ្រង់​នឹង​បាន​វាយ​ពួក​ស៊ីរី ទាល់​តែ​បាន​បំផ្លាញ​គេ​ឲ្យ​សូន្យ​បាត់​ទៅ តែ​ឥឡូវ​នេះ​ទ្រង់​នឹង​វាយ​គេ បាន​ត្រឹម​តែ​៣​ដង​ប៉ុណ្ណោះ។

20 ឯ​អេលី‌សេ លោក​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក រួច​ដល់​ចូល​ឆ្នាំ​ថ្មី នោះ​ពួក​កង​នៃ​សាសន៍​ម៉ូអាប់ ក៏​ទន្រ្ទាន​ចូល​មក​ក្នុង​ស្រុក

21 ហើយ​កាល​មនុស្ស​កំពុង​តែ​កប់​ខ្មោច​របស់​មនុស្ស​ម្នាក់ នោះ​ក៏​ឃើញ​ពួក​កង​១ រួច​គេ​បោះ​ខ្មោច​នោះ ទៅ​ក្នុង​ផ្នូរ​របស់​អេលី‌សេ កាល​ខ្មោច​នោះ​បាន​ប៉ះ​នឹង​ឆ្អឹង​អេលី‌សេ​ហើយ ស្រាប់​តែ​រស់​ឡើង​វិញ រួច​ក្រោក​ឈរ​ឡើង។

22 ឯ​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ចេះ​តែ​សង្កត់‌សង្កិន​ពួក​អ៊ីស្រា‌អែល ដរាប​ដល់​អស់​ព្រះ‌ជន្ម​យ៉ូអា‌ហាស

23 ប៉ុន្តែ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដល់​គេ ក៏​មាន​សេចក្តី​មេត្តា‌ករុណា ហើយ​យល់​ដល់​គេ ដោយ​ព្រោះ​សេចក្តី​សញ្ញា ដែល​ទ្រង់​តាំង​នឹង​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ និង​បំផ្លាញ​គេ​ទេ ហើយ​លុះ​ដល់​វេលា​នោះ ទ្រង់​ក៏​មិន​ទាន់​បោះ‌បង់​ចោល​គេ​ចេញ​ពី​ចំពោះ​ទ្រង់​នៅ​ឡើយ​ដែរ

24 រួច​មក​ហាសែល​ជា​ស្តេច​ស៊ីរី​ក៏​សុគត​ទៅ នោះ​បេន-ហា‌ដាឌ់ ជា​ព្រះ‌រាជ‌បុត្រា​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា