4 តែយ៉ូអាហាសទ្រង់អំពាវនាវដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាម ដ្បិតទ្រង់បានទតឃើញការ ដែលស្តេចស៊ីរីសង្កត់សង្កិនដល់ពួកអ៊ីស្រាអែល
5 (រីឯព្រះយេហូវ៉ាទ្រង់ប្រោសប្រទាន ឲ្យពួកអ៊ីស្រាអែលមានអ្នកជួយសង្គ្រោះម្នាក់ ឲ្យគេបានរួចពីអំណាចសាសន៍ស៊ីរី រួចពួកកូនចៅអ៊ីស្រាអែល គេក៏នៅក្នុងផ្ទះរបស់ខ្លួនដូចដើមវិញ
6 ប៉ុន្តែគេមិនលែងធ្វើតាមអំពើបាបរបស់ជំនួរវង្សយេរ៉ូបោម ដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបនោះទេ គឺគេចេះតែប្រព្រឹត្តតាមអំពើទាំងនោះវិញ ហើយនៅក្នុងក្រុងសាម៉ារីក៏មានអស់ទាំងរូបព្រះនៅឡើយដែរ)
7 ដ្បិតស្តេចស៊ីរីបានទុកឲ្យយ៉ូអាហាស មានពលទ័ពតែប៉ុណ្ណេះ គឺឲ្យមានពលសេះ៥០នាក់ រទេះចំបាំង១០ និងពលថ្មើរជើង១ម៉ឺននាក់ ពីព្រោះស្តេចស៊ីរី បានរំលាងបំផ្លាញគេអស់ទៅហើយ ទាំងធ្វើឲ្យគេដូចជាលំអងធូលី ដែលនៅទីលានបញ្ជាន់ស្រូវ
8 រីឯដំណើរឯទៀត ពីយ៉ូអាហាស ហើយការទាំងប៉ុន្មានដែលទ្រង់ធ្វើ និងអំណាចរបស់ទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
9 ចំណែកយ៉ូអាហាស ក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ គេបញ្ចុះទ្រង់នៅក្នុងក្រុងសាម៉ារី រួចយ៉ូអាស ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
10 នៅឆ្នាំទី៣៧ក្នុងរាជ្យយ៉ូអាសជាស្តេចយូដា នោះយ៉ូអាស ជាបុត្រយ៉ូអាហាស ក៏ចាប់តាំងសោយរាជ្យឡើងលើស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក៏សោយរាជ្យបាន១៦ឆ្នាំ