២ ពង្សាវតារក្សត្រ 13:9-15 KHOV

9 ចំណែក​យ៉ូអា‌ហាស ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​សាម៉ារី រួច​យ៉ូអាស ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

10 នៅ​ឆ្នាំ​ទី​៣៧​ក្នុង​រាជ្យ​យ៉ូអាស​ជា​ស្តេច​យូដា នោះ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​១៦​ឆ្នាំ

11 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​វៀរ​បង់​លែង​ប្រព្រឹត្ត តាម​អស់​ទាំង​អំពើ​បាប របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ គឺ​ទ្រង់​បាន​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ​វិញ

12 រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូអាស និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ និង​អំណាច​ទ្រង់​ដែល​បាន​ប្រើ ដើម្បី​ច្បាំង​នឹង​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

13 យ៉ូអាស​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ រួច​យេរ៉ូ‌បោម​បាន​សោយ‌រាជ្យ​ឡើង​ជំនួស​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​យ៉ូអាស​នៅ​ក្រុង​សាម៉ារី ជា​មួយ​នឹង​ពួក​ស្តេច​អ៊ីស្រា‌អែល។

14 នៅ​គ្រា​នោះ អេលី‌សេ​លោក​ចាប់​ឈឺ ដោយ​ជំងឺ​ដែល​នាំ​ឲ្យ​លោក​ស្លាប់ ហើយ​យ៉ូអាស​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​យាង​ចុះ​ទៅ​សួរ​លោក ក៏​ឈ្ងោក​យំ​នឹង​លោក ដោយ​ព្រះ‌បន្ទូល​ថា ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ នេះ​គឺ​ជា​ព្រះ‌រាជ‌រថ និង​ទ័ព​សេះ របស់​ពួក​អ៊ីស្រា‌អែល​ហើយ

15 អេលី‌សេ​ទូល​តប​ថា សូម​យក​ធ្នូ និង​ព្រួញ​មក ទ្រង់​ក៏​យក​ធ្នូ និង​ព្រួញ​មក​ឯ​លោក