២ ពង្សាវតារក្សត្រ 14:1-7 KHOV

1 នៅ​ឆ្នាំ​ទី​២ ក្នុង​រាជ្យ​នៃ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ស្តេច​អ៊ីស្រា‌អែល នោះ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូអាស ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង

2 កាល​ទ្រង់​បាន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​២៩​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា យ៉ូអា‌ដាន ជា​អ្នក​ក្រុង​យេរូ‌សាឡិម

3 ទ្រង់​បាន​ប្រព្រឹត្ត​សេចក្តី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​ដល់​ដាវីឌ​ជា​អយ្យកោ​ទ្រង់​ទេ ទ្រង់​បាន​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​ការ ដែល​យ៉ូអាស ជា​ព្រះ‌បិតា​បាន​ធ្វើ

4 ប៉ុន្តែ​មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចោល​ចេញ​ទេ ពួក​បណ្តា‌ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ

5 កាល​រាជ្យ​បាន​ជាប់​នៅ​ក្នុង​អំណាច​ទ្រង់​ហើយ នោះ​ទ្រង់​ក៏​សំឡាប់​ពួក​បំរើ ដែល​បាន​ធ្វើ​គុត​ស្តេច ជា​ព្រះ‌បិតា​ទ្រង់​ទៅ

6 តែ​ឯ​កូន​ចៅ​នៃ​ពួក​អ្នក ដែល​ធ្វើ​គុត​ស្តេច​នោះ ទ្រង់​មិន​បាន​សំឡាប់​គេ​ទេ តាម​សេចក្តី​ដែល​ចែង​ទុក​មក ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ថា «ឪពុក​មិន​ត្រូវ​ទោស​ដល់​ស្លាប់ ដោយ​ព្រោះ​កូន ហើយ​កូន​ក៏​មិន​ត្រូវ​ទោស​ដល់​ស្លាប់ ដោយ​ព្រោះ​ឪពុក​ដែរ គឺ​គ្រប់​មនុស្ស​ត្រូវ​ស្លាប់ ដោយ​ព្រោះ​តែ​អំពើ​បាប​រៀង​ខ្លួន​វិញ»។

7 ទ្រង់​ក៏​ប្រហារ​ពួក​សាសន៍​អេដំម​អស់​១​ម៉ឺន​នាក់ នៅ​ត្រង់​ច្រក​ភ្នំ​អំបិល ក៏​ច្បាំង​ចាប់​យក​ក្រុង​សេឡា រួច​ដាក់​ឈ្មោះ​ទី​ក្រុង​នោះ​ថា យ៉ុក‌ធាល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ