12 ពួកយូដាក៏ចាញ់ពួកអ៊ីស្រាអែល ហើយរត់ទៅឯទីលំនៅគេរៀងខ្លួនវិញ
13 ឯយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាប់អ័ម៉ាស៊ីយ៉ា ស្តេចយូដា ជាបុត្រយ៉ូអាស ដែលជាបុត្រអ័ហាស៊ីយ៉ា នៅត្រង់បេត-សេមែស រួចទ្រង់យាងទៅដល់ក្រុងយេរូសាឡិម រំលំកំផែងទីក្រុងបង់ ចាប់តាំងពីទ្វារអេប្រាអិម រហូតដល់ទ្វារជ្រុងកំផែង អស់៤០០ហត្ថ
14 ទ្រង់ក៏យកមាសប្រាក់ទាំងអស់ និងគ្រប់គ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលឃើញមាន នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងព្រះរាជទ្រព្យទាំងប៉ុន្មាន ព្រមទាំងចាប់មនុស្សបញ្ចាំទុក រួចនាំទាំងអស់ត្រឡប់ទៅឯក្រុងសាម៉ារីវិញ។
15 រីឯដំណើរឯទៀតពីយ៉ូអាស ដែលទ្រង់បានធ្វើ និងអំណាចរបស់ទ្រង់ ហើយពីទ្រង់ច្បាំងនឹងអ័ម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
16 យ៉ូអាសក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះទ្រង់ នៅក្រុងសាម៉ារី ជាមួយនឹងពួកស្តេចអ៊ីស្រាអែលទៅ រួចយេរ៉ូបោម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
17 ក្រោយដែលយ៉ូអាស ជាបុត្រយ៉ូអាហាស ស្តេចអ៊ីស្រាអែល បានសុគតទៅ នោះអ័ម៉ាស៊ីយ៉ា ជាបុត្រយ៉ូអាស ស្តេចយូដា ទ្រង់មានព្រះជន្មរស់នៅបាន១៥ឆ្នាំទៀត
18 រីឯដំណើរឯទៀតពីអ័ម៉ាស៊ីយ៉ា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ