២ ពង្សាវតារក្សត្រ 14:15-21 KHOV

15 រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូអាស ដែល​ទ្រង់​បាន​ធ្វើ និង​អំណាច​របស់​ទ្រង់ ហើយ​ពី​ទ្រង់​ច្បាំង​នឹង​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

16 យ៉ូអាស​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​ទ្រង់ នៅ​ក្រុង​សាម៉ារី ជា​មួយ​នឹង​ពួក​ស្តេច​អ៊ីស្រា‌អែល​ទៅ រួច​យេរ៉ូ‌បោម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

17 ក្រោយ​ដែល​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ស្តេច​អ៊ីស្រា‌អែល បាន​សុគត​ទៅ នោះ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូអាស ស្តេច​យូដា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​បាន​១៥​ឆ្នាំ​ទៀត

18 រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ម៉ា‌ស៊ីយ៉ា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

19 មាន​គេ​គិត​ក្បត់​នឹង​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​រត់​ទៅ​ឯ​ក្រុង​ឡាគីស តែ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ក្រុង​ឡាគីស​តាម​ទ្រង់ ក៏​ធ្វើ​គុត​នៅ​ទី​នោះ

20 គេ​ដាក់​សព​ទ្រង់​លើ​សេះ នាំ​មក​បញ្ចុះ​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​វិញ គឺ​នៅ​ក្រុង​យេរូ‌សាឡិម

21 នោះ​ពួក​បណ្តា‌ជន​ទាំង‌ឡាយ គេ​ក៏​លើក​អ័សារា ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​១៦​ឆ្នាំ តាំង​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច ជំនួស​អ័ម៉ា‌ស៊ីយ៉ា បិតា​ទ្រង់