17 ក្រោយដែលយ៉ូអាស ជាបុត្រយ៉ូអាហាស ស្តេចអ៊ីស្រាអែល បានសុគតទៅ នោះអ័ម៉ាស៊ីយ៉ា ជាបុត្រយ៉ូអាស ស្តេចយូដា ទ្រង់មានព្រះជន្មរស់នៅបាន១៥ឆ្នាំទៀត
18 រីឯដំណើរឯទៀតពីអ័ម៉ាស៊ីយ៉ា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
19 មានគេគិតក្បត់នឹងទ្រង់ នៅក្រុងយេរូសាឡិម ហើយទ្រង់រត់ទៅឯក្រុងឡាគីស តែគេចាត់មនុស្សឲ្យទៅឯក្រុងឡាគីសតាមទ្រង់ ក៏ធ្វើគុតនៅទីនោះ
20 គេដាក់សពទ្រង់លើសេះ នាំមកបញ្ចុះនៅក្រុងដាវីឌជាមួយនឹងពួកអយ្យកោទ្រង់វិញ គឺនៅក្រុងយេរូសាឡិម
21 នោះពួកបណ្តាជនទាំងឡាយ គេក៏លើកអ័សារា ដែលទ្រង់មានព្រះជន្ម១៦ឆ្នាំ តាំងឡើង ឲ្យធ្វើជាស្តេច ជំនួសអ័ម៉ាស៊ីយ៉ា បិតាទ្រង់
22 គឺស្តេចនេះហើយ ដែលសង់ក្រុងអេឡាតឡើង ហើយបានបង្វិលមកខាងយូដាវិញ ក្រោយមកស្តេចក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ។
23 នៅឆ្នាំទី១៥ក្នុងរាជ្យអ័ម៉ាស៊ីយ៉ា ជាបុត្រយ៉ូអាសស្តេចយូដា នោះយេរ៉ូបោម ជាបុត្រាយ៉ូអាស ស្តេចអ៊ីស្រាអែល ក៏ចាប់តាំងសោយរាជ្យឡើង នៅក្រុងសាម៉ារី ក៏សោយរាជ្យបាន៤១ឆ្នាំ