22 គឺស្តេចនេះហើយ ដែលសង់ក្រុងអេឡាតឡើង ហើយបានបង្វិលមកខាងយូដាវិញ ក្រោយមកស្តេចក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ។
23 នៅឆ្នាំទី១៥ក្នុងរាជ្យអ័ម៉ាស៊ីយ៉ា ជាបុត្រយ៉ូអាសស្តេចយូដា នោះយេរ៉ូបោម ជាបុត្រាយ៉ូអាស ស្តេចអ៊ីស្រាអែល ក៏ចាប់តាំងសោយរាជ្យឡើង នៅក្រុងសាម៉ារី ក៏សោយរាជ្យបាន៤១ឆ្នាំ
24 ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានលះបង់លែងប្រព្រឹត្តតាមអស់ទាំងអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ
25 តែទ្រង់បានតាំងព្រំស្រុកអ៊ីស្រាអែលឡើងវិញ ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់សមុទ្រនៅស្រុកវាល តាមព្រះបន្ទូលដែលព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានមានព្រះបន្ទូលដោយសារហោរាយ៉ូណាសជាកូនអ័មីថាយ ជាអ្នកបំរើទ្រង់ ដែលនៅកាថ-ហេភើរ
26 ដ្បិតព្រះយេហូវ៉ាទ្រង់ទតឃើញសេចក្តីវេទនា របស់ពួកអ៊ីស្រាអែល ថាជាជូរចត់ណាស់ ដ្បិតគ្មានអ្នកណាបិទបាំងទុក ឬអ្នកណាដែលឥតចំណងឡើយ ក៏គ្មានអ្នកណា សំរាប់ជួយសង្គ្រោះ ដល់ពួកសាសន៍អ៊ីស្រាអែលដែរ
27 ឯព្រះយេហូវ៉ាទ្រង់មិនបានថា ទ្រង់នឹងលុបឈ្មោះពួកអ៊ីស្រាអែលចេញ ពីក្រោមមេឃនោះទេ បានជាទ្រង់ជួយសង្គ្រោះគេ ដោយសារព្រះហស្តយេរ៉ូបោម ជាបុត្រយ៉ូអាសវិញ។
28 រីឯដំណើរឯទៀតពីយេរ៉ូបោម និងការដែលទ្រង់ធ្វើទាំងប៉ុន្មាន ហើយពីអំណាចទ្រង់ ដែលទ្រង់បានច្បាំង ព្រមទាំងការដែលចាប់យកក្រុងដាម៉ាស និងក្រុងហាម៉ាតជាទីក្រុងនៃពួកយូដា មកខាងពួកអ៊ីស្រាអែលវិញជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ