5 កាលរាជ្យបានជាប់នៅក្នុងអំណាចទ្រង់ហើយ នោះទ្រង់ក៏សំឡាប់ពួកបំរើ ដែលបានធ្វើគុតស្តេច ជាព្រះបិតាទ្រង់ទៅ
6 តែឯកូនចៅនៃពួកអ្នក ដែលធ្វើគុតស្តេចនោះ ទ្រង់មិនបានសំឡាប់គេទេ តាមសេចក្តីដែលចែងទុកមក ក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកថា «ឪពុកមិនត្រូវទោសដល់ស្លាប់ ដោយព្រោះកូន ហើយកូនក៏មិនត្រូវទោសដល់ស្លាប់ ដោយព្រោះឪពុកដែរ គឺគ្រប់មនុស្សត្រូវស្លាប់ ដោយព្រោះតែអំពើបាបរៀងខ្លួនវិញ»។
7 ទ្រង់ក៏ប្រហារពួកសាសន៍អេដំមអស់១ម៉ឺននាក់ នៅត្រង់ច្រកភ្នំអំបិល ក៏ច្បាំងចាប់យកក្រុងសេឡា រួចដាក់ឈ្មោះទីក្រុងនោះថា យ៉ុកធាល ដរាបដល់សព្វថ្ងៃនេះ
8 ក្រោយនោះមក អ័ម៉ាស៊ីយ៉ាទ្រង់ចាត់សារទៅឯយ៉ូអាស ជាបុត្រយ៉ូអាហាស ដែលជាបុត្រយេហ៊ូវ ស្តេចអ៊ីស្រាអែលទូលថា ចូរចេញមក យើងល្បងលគ្នាមើល
9 តែយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាត់សារឲ្យទៅឯអ័ម៉ាស៊ីយ៉ា ជាស្តេចយូដាវិញ ទូលថា ដើមបន្លាដែលដុះនៅលើភ្នំល្បាណូន បានចាត់សារទៅឯដើមតាត្រៅនៅលើភ្នំល្បាណូនថា ចូរលើកកូនស្រីឯងមកឲ្យធ្វើជាប្រពន្ធរបស់កូនប្រុសអញ ក៏មានសត្វព្រៃសាហាវ ដែលនៅភ្នំល្បាណូនមកតាមនោះ ជាន់ឈ្លីដើមបន្លានោះទៅ
10 ឯទ្រង់ បានវាយឈ្នះពួកសាសន៍អេដំមពិតមែនហើយ ព្រះទ័យទ្រង់បានដំកើងទ្រង់ឡើង ចូរអួតពីដំណើរនោះចុះ ហើយនៅឯដំណាក់ទ្រង់ទៅ តើចង់រករឿងដែលនឹងនាំឲ្យមានអន្តរាយ ឲ្យទ្រង់ត្រូវដួល ព្រមទាំងពួកយូដាផងធ្វើអី។
11 ប៉ុន្តែអ័ម៉ាស៊ីយ៉ា ទ្រង់មិនព្រមស្តាប់តាមទេ ដូច្នេះយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ក៏យាងឡើងទៅ រួចទ្រង់ និងអ័ម៉ាស៊ីយ៉ា ជាស្តេចយូដា ក៏ល្បងលគ្នានៅត្រង់ក្រុងបេត-សេមែស ជាទីក្រុងរបស់ពួកយូដា