២ ពង្សាវតារក្សត្រ 14:8-14 KHOV

8 ក្រោយ​នោះ​មក អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​ចាត់​សារ​ទៅ​ឯ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ដែល​ជា​បុត្រ​យេហ៊ូវ ស្តេច​អ៊ីស្រា‌អែល​ទូល​ថា ចូរ​ចេញ​មក យើង​ល្បង‌ល​គ្នា​មើល

9 តែ​យ៉ូអាស ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​យូដា​វិញ ទូល​ថា ដើម​បន្លា​ដែល​ដុះ​នៅ​លើ​ភ្នំ​ល្បាណូន បាន​ចាត់​សារ​ទៅ​ឯ​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ថា ចូរ​លើក​កូន​ស្រី​ឯង​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​អញ ក៏​មាន​សត្វ​ព្រៃ​សាហាវ ដែល​នៅ​ភ្នំ​ល្បាណូន​មក​តាម​នោះ ជាន់​ឈ្លី​ដើម​បន្លា​នោះ​ទៅ

10 ឯ​ទ្រង់ បាន​វាយ​ឈ្នះ​ពួក​សាសន៍​អេដំម​ពិត​មែន​ហើយ ព្រះ‌ទ័យ​ទ្រង់​បាន​ដំកើង​ទ្រង់​ឡើង ចូរ​អួត​ពី​ដំណើរ​នោះ​ចុះ ហើយ​នៅ​ឯ​ដំណាក់​ទ្រង់​ទៅ តើ​ចង់​រក​រឿង​ដែល​នឹង​នាំ​ឲ្យ​មាន​អន្តរាយ ឲ្យ​ទ្រង់​ត្រូវ​ដួល ព្រម​ទាំង​ពួក​យូដា​ផង​ធ្វើ​អី។

11 ប៉ុន្តែ​អ័ម៉ា‌ស៊ីយ៉ា ទ្រង់​មិន​ព្រម​ស្តាប់​តាម​ទេ ដូច្នេះ​យ៉ូអាស ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ក៏​យាង​ឡើង​ទៅ រួច​ទ្រង់ និង​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​យូដា ក៏​ល្បង‌ល​គ្នា​នៅ​ត្រង់​ក្រុង​បេត-សេមែស ជា​ទី​ក្រុង​របស់​ពួក​យូដា

12 ពួក​យូដា​ក៏​ចាញ់​ពួក​អ៊ីស្រា‌អែល ហើយ​រត់​ទៅ​ឯ​ទី​លំនៅ​គេ​រៀង​ខ្លួន​វិញ

13 ឯ​យ៉ូអាស ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចាប់​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ជា​បុត្រ​យ៉ូអាស ដែល​ជា​បុត្រ​អ័ហា‌ស៊ីយ៉ា នៅ​ត្រង់​បេត-សេមែស រួច​ទ្រង់​យាង​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម រំលំ​កំផែង​ទី​ក្រុង​បង់ ចាប់​តាំង​ពី​ទ្វារ​អេប្រា‌អិម រហូត​ដល់​ទ្វារ​ជ្រុង​កំផែង អស់​៤០០​ហត្ថ

14 ទ្រង់​ក៏​យក​មាស​ប្រាក់​ទាំង​អស់ និង​គ្រប់​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​ឃើញ​មាន នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ព្រះ‌រាជ​ទ្រព្យ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចាប់​មនុស្ស​បញ្ចាំ​ទុក រួច​នាំ​ទាំង​អស់​ត្រឡប់​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។