28 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានវៀរបង់លែង តាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ។
29 នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ និងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយ ដល់ស្រុកអាសស៊ើរ
30 នោះហូស៊ា ជាកូនអេឡា បង្កើតការកម្បត់នឹងពេកា ជាកូនរេម៉ាលា ក៏ធ្វើគុតទ្រង់ទៅ ហើយឡើងសោយរាជ្យជំនួស ក្នុងឆ្នាំទី២០ នៃរាជ្យយ៉ូថាម ជាបុត្រអ័សារា
31 រីឯដំណើរឯទៀតពីពេកា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
32 នៅឆ្នាំទី២ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា ស្តេចអ៊ីស្រាអែល នោះយ៉ូថាម ជាបុត្រអ័សារា ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
33 កាលទ្រង់ឡើងសោយរាជ្យ នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១៦ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា យេរូសា បុត្រីសាដុក
34 ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា គឺទ្រង់ប្រព្រឹត្តតាមគ្រប់ទាំងសេចក្តី ដែលអ័សារា ជាបិតាទ្រង់បានធ្វើ