11 ឯនៅលើអស់ទាំងទីខ្ពស់នោះ គេក៏ដុតកំញានដូចជាសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខគេចេញ គេប្រព្រឹត្តអំពើដ៏លាមកអាក្រក់ ជាការដែលនាំឲ្យព្រះយេហូវ៉ាទ្រង់មានសេចក្តីក្រោធ
12 គេគោរពប្រតិបត្តិតាមរូបព្រះដែលព្រះយេហូវ៉ាទ្រង់ហាមថា ឯងរាល់គ្នាមិនត្រូវធ្វើយ៉ាងនោះឡើយ
13 ប៉ុន្តែព្រះយេហូវ៉ាទ្រង់បានធ្វើបន្ទាល់ ដល់ពួកអ៊ីស្រាអែល និងពួកយូដា ដោយសារគ្រប់ទាំងពួកហោរា និងអ្នកមើលឆុតថា ចូរឲ្យឯងរាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រឹត្យក្រម និងបញ្ញត្តអញទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលអញបានបង្គាប់ដល់ពួកអយ្យកោឯង ហើយដែលអញបានផ្ញើមកឯងរាល់គ្នា ដោយសារពួកហោរា ជាពួកអ្នកបំរើរបស់អញ
14 ប៉ុន្តែ គេមិនព្រមស្តាប់ទេ គឺបានតាំងចិត្តរឹងវិញ ដូចជាពួកអយ្យកោគេ ដែលមិនបានជឿដល់ព្រះយេហូវ៉ា ជាព្រះនៃគេដែរ
15 គេបោះបង់ចោលបញ្ញត្តរបស់ទ្រង់ និងសេចក្តីសញ្ញា ដែលទ្រង់បានតាំងនឹងពួកអយ្យកោគេចេញ ព្រមទាំងសេចក្តីបន្ទាល់ ដែលទ្រង់បានមានព្រះបន្ទូលនឹងគេផង គេដើរតាមតែសេចក្តីជាអសារឥតការវិញ ហើយខ្លួនគេក៏ត្រឡប់ជាអសារឥតការដែរ គេប្រព្រឹត្តតាមពួកសាសន៍ដទៃនៅជុំវិញ ដែលព្រះយេហូវ៉ាហាមថា កុំឲ្យត្រាប់តាមអ្នកទាំងនោះឡើយ
16 គេបោះបង់ចោលអស់ទាំងក្រឹត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ក៏សិតធ្វើរូប គឺជារូបកូនគោ២ ហើយធ្វើរូបព្រះ ព្រមទាំងថ្វាយបង្គំដល់អស់ទាំងពលបរិវារនៅលើមេឃ ហើយគោរពប្រតិបត្តិដល់ព្រះបាលផង
17 គេធ្វើឲ្យកូនប្រុសកូនស្រីគេឆ្លងកាត់ភ្លើង ហើយប្រើរបៀនផ្សេងៗ និងការមន្តអាគម ព្រមទាំងលក់ខ្លួនគេទៅ ឲ្យបានប្រព្រឹត្តអំពើ ដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលនាំឲ្យទ្រង់មានសេចក្តីក្រោធ