២ ពង្សាវតារក្សត្រ 17:18-24 KHOV

18 ដោយ​ហេតុ​នោះ បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្តី​ក្រេវ‌ក្រោធ​ជា​ខ្លាំង ចំពោះ​ពួក​អ៊ីស្រា‌អែល ក៏​រើ​គេ​ចេញ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​ទៅ សល់​នៅ​តែ​ពូជ​អំបូរ​យូដា​តែ​១​ប៉ុណ្ណោះ។

19 ឯ​ពួក​យូដា គេ​ក៏​មិន​បាន​កាន់​តាម​ក្រឹត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​ដែរ គឺ​គេ​ដើរ​តាម​ទំនៀម​ដែល​ពួក​អ៊ីស្រា‌អែល​ធ្លាប់​ប្រព្រឹត្ត​មក​វិញ

20 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​បោះ‌បង់​ចោល​ពូជ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ធ្វើ​ទុក្ខ​គេ ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​អ្នក​ដែល​បំផ្លាញ​គេ ដរាប​ដល់​ទ្រង់​បាន​បោះ​គេ​ចោល ពី​ចំពោះ​ព្រះ‌ភក្ត្រ​ទ្រង់​ចេញ

21 ទ្រង់​បាន​ហែក​ពួក​អ៊ីស្រា‌អែល​ផ្តាច់​ចេញ​ពី​ជំនួរ​វង្ស​ដាវីឌ ក៏​លើក​យេរ៉ូ‌បោម ជា​កូន​នេបាត តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​វិញ ឯ​យេរ៉ូ‌បោម ក៏​បាន​ញាក់​ទាញ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បណ្តាល​ឲ្យ​គេ​ធ្វើ​បាប​ជា​ទំងន់

22 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បាន​ដើរ​តាម​អស់​ទាំង​អំពើ​បាប ដែល​យេរ៉ូ‌បោម​បាន​ប្រព្រឹត្ត​ទាំង​នោះ គេ​មិន​បាន​វៀរ​បង់​លែង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ​ឡើយ

23 ដរាប​ដល់​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តេញ​គេ ពី​ចំពោះ​ព្រះ‌ភក្ត្រ​ទ្រង់​ចេញ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​អស់​ទាំង​ហោរា ជា​អ្នក​បំរើ​ទ្រង់ ដូច្នេះ អ៊ីស្រា‌អែល​ក៏​ត្រូវ​គេ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​នៅ​ឯ​ស្រុក​អាស‌ស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

24 រួច​មក​ស្តេច​អាស‌ស៊ើរ ទ្រង់​នាំ​យក​មនុស្ស​ពី​ក្រុង​បាប៊ី‌ឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហាម៉ាត និង​ក្រុង​សេផា‌វែម ទៅ​ដាក់​ឲ្យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​សាម៉ារី ជំនួស​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ អ្នក​ទាំង​នោះ​បាន​ស្រុក​សាម៉ារី​ជា​របស់​ផង​គេ ហើយ​ក៏​អាស្រ័យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​នោះ