19 ឯពួកយូដា គេក៏មិនបានកាន់តាមក្រឹត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះនៃគេដែរ គឺគេដើរតាមទំនៀមដែលពួកអ៊ីស្រាអែលធ្លាប់ប្រព្រឹត្តមកវិញ
20 ហេតុនោះបានជាព្រះយេហូវ៉ា ទ្រង់បោះបង់ចោលពូជអ៊ីស្រាអែលទាំងអស់ ក៏ធ្វើទុក្ខគេ ហើយប្រគល់គេទៅក្នុងកណ្តាប់ដៃរបស់ពួកអ្នកដែលបំផ្លាញគេ ដរាបដល់ទ្រង់បានបោះគេចោល ពីចំពោះព្រះភក្ត្រទ្រង់ចេញ
21 ទ្រង់បានហែកពួកអ៊ីស្រាអែលផ្តាច់ចេញពីជំនួរវង្សដាវីឌ ក៏លើកយេរ៉ូបោម ជាកូននេបាត តាំងឡើងឲ្យធ្វើជាស្តេចវិញ ឯយេរ៉ូបោម ក៏បានញាក់ទាញពួកអ៊ីស្រាអែលចេញពីព្រះយេហូវ៉ា ព្រមទាំងបណ្តាលឲ្យគេធ្វើបាបជាទំងន់
22 ពួកកូនចៅអ៊ីស្រាអែលក៏បានដើរតាមអស់ទាំងអំពើបាប ដែលយេរ៉ូបោមបានប្រព្រឹត្តទាំងនោះ គេមិនបានវៀរបង់លែងប្រព្រឹត្តតាមអំពើទាំងនោះឡើយ
23 ដរាបដល់ព្រះយេហូវ៉ាទ្រង់បណ្តេញគេ ពីចំពោះព្រះភក្ត្រទ្រង់ចេញ ដូចជាទ្រង់បានមានព្រះបន្ទូលដោយសារអស់ទាំងហោរា ជាអ្នកបំរើទ្រង់ ដូច្នេះ អ៊ីស្រាអែលក៏ត្រូវគេដឹកនាំចេញពីស្រុករបស់ខ្លួន ទៅនៅឯស្រុកអាសស៊ើរ ដរាបដល់សព្វថ្ងៃនេះ។
24 រួចមកស្តេចអាសស៊ើរ ទ្រង់នាំយកមនុស្សពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត និងក្រុងសេផាវែម ទៅដាក់ឲ្យនៅក្នុងអស់ទាំងទីក្រុងស្រុកសាម៉ារី ជំនួសពួកកូនចៅអ៊ីស្រាអែលវិញ អ្នកទាំងនោះបានស្រុកសាម៉ារីជារបស់ផងគេ ហើយក៏អាស្រ័យនៅក្នុងអស់ទាំងទីក្រុងស្រុកនោះ
25 កាលគេចាប់តាំងនៅក្នុងស្រុក គេមិនបានកោតខ្លាចដល់ព្រះយេហូវ៉ាទេ ហេតុនោះព្រះយេហូវ៉ាទ្រង់ប្រើសត្វសិង្ហ ឲ្យទៅនៅកណ្តាលគេ សិង្ហទាំងនោះបានសំឡាប់អ្នកខ្លះបង់