32 យ៉ាងនោះ គេបានកោតខ្លាចដល់ព្រះយេហូវ៉ា ព្រមទាំងតាំងពួកគេខ្លះឡើង ឲ្យធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ សំរាប់ខ្លួនគេផង ពួកសង្ឃនោះក៏ថ្វាយយញ្ញបូជារបស់គេ នៅក្នុងអស់ទាំងវិហារនៃទីខ្ពស់ទាំងនោះ
33 គេបានកោតខ្លាចដល់ព្រះយេហូវ៉ាផង ហើយគោរពប្រតិបត្តិតាមព្រះរបស់ខ្លួនផង តាមទំលាប់របស់សាសន៍ទាំងប៉ុន្មាន នៅស្រុកកំណើតគេរៀងខ្លួន
34 គេនៅតែប្រព្រឹត្តតាមបែបនោះ ដរាបដល់សព្វថ្ងៃនេះ គេមិនមែនកោតខ្លាចដល់ព្រះយេហូវ៉ាជាពិតទេ ហើយមិនមែនប្រព្រឹត្តតាមបញ្ញត្តតាមវិន័យរបស់ខ្លួនគេដែរ ឬតាមច្បាប់ និងក្រឹត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ ដល់ពួកកូនចៅយ៉ាកុប ជាអ្នកដែលទ្រង់ឲ្យឈ្មោះថា អ៊ីស្រាអែល នោះផង
35 ព្រះយេហូវ៉ាទ្រង់បានតាំងសេចក្តីសញ្ញានឹងពួកកូនចៅយ៉ាកុបនោះ ហើយហាមថា ឯងរាល់គ្នាមិនត្រូវកោតខ្លាចដល់ព្រះដទៃឡើយ ក៏មិនត្រូវក្រាបគោរពដល់ព្រះទាំងនោះ ឬប្រតិបត្តិតាម ឬថ្វាយយញ្ញបូជាដល់វាដែរ
36 គឺត្រូវកោតខ្លាចដល់ព្រះយេហូវ៉ាតែ១ប៉ុណ្ណោះ ដែលទ្រង់បាននាំឯងរាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក ដោយព្រះចេស្តាដ៏ធំ និងព្រះហស្តលើកសំរេច ហើយត្រូវក្រាបគោរពដល់ទ្រង់ ព្រមទាំងថ្វាយយញ្ញបូជារបស់ឯងដល់ទ្រង់តែ១ព្រះអង្គប៉ុណ្ណោះ
37 ឯអស់ទាំងបញ្ញត្ត និងវិន័យ ហើយច្បាប់ និងក្រឹត្យក្រមទាំងប៉ុន្មាន ដែលទ្រង់បានកត់ទុកឲ្យឯងរាល់គ្នា នោះត្រូវរក្សាទុក ហើយប្រព្រឹត្តតាមជាដរាបតទៅ ឥតកោតខ្លាចដល់ព្រះដទៃឡើយ
38 ក៏មិនត្រូវភ្លេចសេចក្តីសញ្ញា ដែលអញបានតាំងនឹងឯងរាល់គ្នាដែរ គឺមិនត្រូវឲ្យកោតខ្លាចដល់ព្រះដទៃណាឲ្យសោះ