២ ពង្សាវតារក្សត្រ 17:6-12 KHOV

6 នៅ​ឆ្នាំ​ទី​៩ ក្នុង​រាជ្យ​ហូស៊ា នោះ​ស្តេច​អាស‌ស៊ើរ​ក៏​វាយ​យក​ក្រុង​សាម៉ារី​បាន ហើយ​ទ្រង់​ដឹក‌នាំ​ពួក​អ៊ីស្រា‌អែល​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ដាក់​ឲ្យ​នៅ​ត្រង់​ក្រុង​ហាឡា​នៅ​មាត់​ទន្លេ​ហាបោ ជា​ទន្លេ​របស់​ស្រុក​កូសាន ហើយ​នៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​មេឌី​ទាំង​ប៉ុន្មាន​ដែរ។

7 ការ​នោះ​កើត​មក ដោយ​ព្រោះ​តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ដែល​ទ្រង់​បាន​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​មក ហើយ​ដោយ​ព្រោះ​គេ​បាន​កោត‌ខ្លាច​ដល់​ព្រះ​ដទៃ

8 ព្រម​ទាំង​ប្រព្រឹត្ត​តាម​អស់​ទាំង​ទំនៀម‌ទំលាប់​នៃ​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ និង​តាម​ច្បាប់​ដែល​ពួក​ស្តេច​អ៊ីស្រា‌អែល​បាន​តាំង​ដែរ

9 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​ដែល​មិន​ត្រឹម‌ត្រូវ ដោយ​លួច‌លាក់ ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ ក៏​ធ្វើ​ទី​ខ្ពស់​សំរាប់​ខ្លួន នៅ​គ្រប់​ទាំង​ទី​ក្រុង ចាប់​តាំង​ពី​ភូមិ​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ទី​ក្រុង​មាន​កំផែង

10 គេ​បាន​ធ្វើ​បង្គោល​សំរាប់​គោរព និង​រូប​ព្រះ នៅ​លើ​អស់​ទាំង​ទី​ភ្នំ ហើយ​នៅ​ក្រោម​ដើម​ឈើ​ខ្ចី​ទាំង​ប៉ុន្មាន​ផង

11 ឯ​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​នោះ គេ​ក៏​ដុត​កំញាន​ដូច​ជា​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​គេ​ចេញ គេ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្តី​ក្រោធ

12 គេ​គោរព​ប្រតិ‌បត្តិ​តាម​រូប​ព្រះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ហាម​ថា ឯង​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​យ៉ាង​នោះ​ឡើយ