1 នៅឆ្នាំទី៣ ក្នុងរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះហេសេគា ជាបុត្រអ័ហាស ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
2 កាលទ្រង់សោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២៩ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាអ័ប៊ីយ៉ា បុត្រីសាការី
3 ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្តី ដែលដាវីឌ ជាអយ្យកោទ្រង់បានធ្វើដែរ
4 ទ្រង់បំបាត់អស់ទាំងទីខ្ពស់ចេញ ក៏បំបាក់បំបែកបង្គោលដែលសំរាប់គោរព រំលំរូបព្រះទាំងប៉ុន្មានចោល ហើយបំបែកកំទេចពស់លង្ហិនដែលលោកម៉ូសេបានធ្វើផង ពីព្រោះពួកកូនចៅអ៊ីស្រាអែលបានដុតកំញាន ថ្វាយដល់រូបពស់នោះ ដរាបដល់គ្រានោះក៏ឲ្យឈ្មោះថា នេហ៊ូសថាន់
5 ទ្រង់ទុកចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដល់ម៉្លេះបានជាក្នុងពួកស្តេចយូដាក្រោយមក នោះគ្មានស្តេចណាឲ្យដូចទ្រង់ឡើយ ហើយមុនទ្រង់គ្មានដែរ
6 ដ្បិតទ្រង់កាន់ខ្ជាប់តាមព្រះយេហូវ៉ា ឥតលះបង់លែងតាមទ្រង់ឡើយ គឺបានកាន់តាមអស់ទាំងក្រឹត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេ