២ ពង្សាវតារក្សត្រ 18:10-16 KHOV

10 លុះ​ច្បាំង​គ្រប់​៣​ឆ្នាំ​ហើយ ទើប​ចាប់​យក​ក្រុង​នោះ​បាន គឺ​ក្នុង​ឆ្នាំ​ទី​៦ នៃ​រាជ្យ​ហេសេគា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​៩​នៃ​រាជ្យ​ហូស៊ា ស្តេច​អ៊ីស្រា‌អែល នោះ​គេ​ចាប់​យក​ក្រុង​សាម៉ារី​បាន

11 ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​ក៏​ដឹក‌នាំ​ពួក​អ៊ីស្រា‌អែល ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ដាក់​ឲ្យ​នៅ​ត្រង់​ក្រុង​ហាឡា ដែល​នៅ​មាត់​ទន្លេ​ហាបោរ ជា​ទន្លេ​របស់​ស្រុក​កូសាន ហើយ​នៅ​ទី​ក្រុង​របស់​សាសន៍​មេឌី​ទាំង​ប៉ុន្មាន​ដែរ

12 ដោយ​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ គឺ​បាន​រំលង​សេចក្តី​សញ្ញា​នៃ​ទ្រង់ ជា​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក គេ​មិន​ព្រម​ស្តាប់ ឬ​ធ្វើ​តាម​សញ្ញា​នោះ​ឡើយ។

13 ដល់​ឆ្នាំ​ទី​១៤ ក្នុង​រាជ្យ​ស្តេច​ហេសេគា នោះ​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ក៏​ឡើង​មក​ច្បាំង​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​កំផែង​នៅ​ស្រុក​យូដា

14 ឯ​ហេសេគា ជា​ស្តេច​យូដា ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ស្រុក​អាស‌ស៊ើរ នៅ​ត្រង់​ក្រុង​ឡាគីស​ថា ទូល‌បង្គំ​បាន​ធ្វើ​ខុស​ហើយ សូម​ទ្រង់​ថយ​ចេញ​ពី​ទូល‌បង្គំ​ទៅ ទូល‌បង្គំ​នឹង​ទទួល​រ៉ាប់រង​តាម​បង្គាប់​របស់​ទ្រង់​ទាំង​អស់ ដូច្នេះ ស្តេច​អាស‌ស៊ើរ​ក៏​បង្គាប់ ឲ្យ​ហេសេគា ជា​ស្តេច​ស្រុក​យូដា បង់​ប្រាក់​៣០០​ហាប និង​មាស​៣០​ហាប

15 ហេសេគា​ក៏​យក​ប្រាក់​ទាំង​អស់ ដែល​ឃើញ​មាន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន ទៅ​ថ្វាយ​ដល់​ទ្រង់

16 វេលា​នោះ​ហេសេគា​ក៏​កាត់​យក​មាស​ពី​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ពី​សសរ​ដែល​ទ្រង់​បាន​ស្រោប​ទៅ​ថ្វាយ​ដល់​ស្តេច​អាស‌ស៊ើរ​ដែរ។