២ ពង្សាវតារក្សត្រ 18:16-22 KHOV

16 វេលា​នោះ​ហេសេគា​ក៏​កាត់​យក​មាស​ពី​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ពី​សសរ​ដែល​ទ្រង់​បាន​ស្រោប​ទៅ​ថ្វាយ​ដល់​ស្តេច​អាស‌ស៊ើរ​ដែរ។

17 ឯ​ស្តេច​អាស‌ស៊ើរ​ទ្រង់​ចាត់​ថើថាន និង​រ៉ាប-សារី ហើយ​រ៉ាបសាកេ ពី​ក្រុង​ឡាគីស នាំ​ទាំង​ពល‌ទ័ព​ជា​ច្រើន ឲ្យ​ទៅ​ឯ​ហេសេគា នៅ​ក្រុង​យេរូ‌សាឡិម គេ​ក៏​ឡើង​ទៅ កាល​គេ​មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​គេ​ឈរ​ក្បែរ​ប្រឡាយ​នៃ​ស្រះ​ខាង​លើ ដែល​នៅ​តាម​ផ្លូវ​វាល​នៃ​ជាង​ប្រមោក

18 កាល​បាន​ហៅ​រក​ស្តេច នោះ​អេលា‌គីម កូន​ហ៊ីល‌គីយ៉ា ជា​ឧកញ៉ា​វាំង និង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា កូន​អេសាភ ជា​អ្នក​តែង​ពង្សាវតារ​ក៏​ចេញ​ទៅ​ឯ​គេ។

19 រ៉ាបសាកេ​ប្រាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ដល់​ហេសេគា​ថា ស្តេច​ដ៏​ជា​ធំ គឺ​ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ទី​ពឹង​ណា​ដែល​ឯង​ទុក​ចិត្ត​នេះ

20 ឯង​និយាយ​ថា យើង​មាន​គំនិត មាន​កំឡាំង ដើម្បី​នឹង​ច្បាំង​បាន (តែ​ពាក្យ​ឯង​ជា​ឥត​អំពើ​សោះ) ចុះ​តើ​ឯង​ពឹង​ដល់​អ្នក​ណា បាន​ជា​ឯង​បះ‌បោរ​នឹង​អញ​ដូច្នេះ

21 មើល ឯង​ពឹង​ដល់​ស្រុក​អេស៊ីព្ទ ជា​ដើម​ត្រែង​កំបាក់​នោះ ទុក​ជា​ឈើ​ច្រត់ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទំលុះ​ដៃ​វិញ គឺ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ គេ​បែប​យ៉ាង​នោះ ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ

22 តែ​បើ​ឯង​រាល់​គ្នា​និយាយ​មក​អញ​ថា យើង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​វិញ នោះ​តើ​មិន​មែន​ជា​ព្រះ​នោះ​ឯង ដែល​ហេសេគា​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​អាស‌នា​នៃ​ទ្រង់​ចេញ​ទេ​ឬ​អី ដោយ​ប្រាប់​ដល់​ពួក​សាសន៍​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ‌បង្គំ​នៅ​មុខ​អាស‌នា​១​នេះ នៅ​ក្រុង​យេរូ‌សាឡិម​វិញ