22 តែបើឯងរាល់គ្នានិយាយមកអញថា យើងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃយើងវិញ នោះតើមិនមែនជាព្រះនោះឯង ដែលហេសេគាបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនានៃទ្រង់ចេញទេឬអី ដោយប្រាប់ដល់ពួកសាសន៍យូដា និងពួកក្រុងយេរូសាឡិមថា ត្រូវឲ្យឯងរាល់គ្នាថ្វាយបង្គំនៅមុខអាសនា១នេះ នៅក្រុងយេរូសាឡិមវិញ
23 ដូច្នេះ ចូរឯងចុះសន្យានឹងស្តេចអាសស៊ើរ ជាចៅហ្វាយអញឥឡូវចុះ នោះអញនឹងឲ្យសេះ២ពាន់ដល់ឯង បើឯងរកអ្នកជិះបាន
24 បើដូច្នេះ ធ្វើដូចម្តេចឲ្យឯងឈ្នះមេទ័ព១យ៉ាងតូច ក្នុងពួកអ្នកបំរើរបស់ចៅហ្វាយអញបាន ហើយទុកចិត្តនឹងស្រុកអេស៊ីព្ទ ឲ្យបានរទេះចំបាំង និងទ័ពសេះទៀត
25 តើអញបានឡើងមក ដើម្បីច្បាំងបំផ្លាញទីនេះ ដោយឥតព្រះយេហូវ៉ាឬអី គឺព្រះយេហូវ៉ាទេតើ ដែលទ្រង់បានមានព្រះបន្ទូលបង្គាប់អញថា ចូរឡើងទៅច្បាំងបំផ្លាញស្រុកនេះចុះ។
26 ឯអេលាគីម ជាកូនហ៊ីលគីយ៉ា និងសេបណា ហើយយ៉ូអា ក៏ឆ្លើយតបទៅរ៉ាបសាកេថា សូមលោកមានប្រសាសន៍ជាភាសាអារ៉ាម មកយើងខ្ញុំប្របាទវិញ ដ្បិតយើងខ្ញុំស្តាប់បាន សូមកុំមានប្រសាសន៍ជាភាសារបស់ពួកយូដា ឲ្យពួកបណ្តាជនដែលនៅលើកំផែងស្តាប់ផងនោះឡើយ
27 តែរ៉ាបសាកេតបថា ចុះតើចៅហ្វាយអញបានចាត់អញ ឲ្យមកនិយាយសេចក្តីទាំងនេះ ចំពោះតែនឹងចៅហ្វាយឯង ហើយនឹងខ្លួនឯងប៉ុណ្ណោះឬអី គឺបានចាត់អញ ឲ្យមកនិយាយនឹងមនុស្ស ដែលអង្គុយនៅលើកំផែងវិញទេតើ ដើម្បីឲ្យគេបានស៊ីលាមក ហើយផឹកទឹកនោមរបស់ខ្លួន ជាមួយនឹងឯងដែរ
28 នោះរ៉ាបសាកេក៏ឈរបន្លឺឡើង ជាភាសារបស់ពួកសាសន៍យូដា ប្រាប់ថា ចូរស្តាប់ព្រះបន្ទូលនៃស្តេចដ៏ជាធំឧត្តម គឺស្តេចអាសស៊ើរចុះ