២ ពង្សាវតារក្សត្រ 18:23-29 KHOV

23 ដូច្នេះ ចូរ​ឯង​ចុះ​សន្យា​នឹង​ស្តេច​អាស‌ស៊ើរ ជា​ចៅ‌ហ្វាយ​អញ​ឥឡូវ​ចុះ នោះ​អញ​នឹង​ឲ្យ​សេះ​២​ពាន់​ដល់​ឯង បើ​ឯង​រក​អ្នក​ជិះ​បាន

24 បើ​ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ឈ្នះ​មេ‌ទ័ព​១​យ៉ាង​តូច ក្នុង​ពួក​អ្នក​បំរើ​របស់​ចៅ‌ហ្វាយ​អញ​បាន ហើយ​ទុក​ចិត្ត​នឹង​ស្រុក​អេស៊ីព្ទ ឲ្យ​បាន​រទេះ​ចំបាំង និង​ទ័ព​សេះ​ទៀត

25 តើ​អញ​បាន​ឡើង​មក ដើម្បី​ច្បាំង​បំផ្លាញ​ទី​នេះ ដោយ​ឥត​ព្រះ‌យេហូវ៉ា​ឬ​អី គឺ​ព្រះ‌យេហូវ៉ា​ទេ​តើ ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​បង្គាប់​អញ​ថា ចូរ​ឡើង​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​នេះ​ចុះ។

26 ឯ​អេលា‌គីម ជា​កូន​ហ៊ីល‌គីយ៉ា និង​សេបណា ហើយ​យ៉ូអា ក៏​ឆ្លើយ​តប​ទៅ​រ៉ាបសាកេ​ថា សូម​លោក​មាន​ប្រសាសន៍​ជា​ភាសា​អារ៉ាម មក​យើង​ខ្ញុំ​ប្របាទ​វិញ ដ្បិត​យើង​ខ្ញុំ​ស្តាប់​បាន សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​របស់​ពួក​យូដា ឲ្យ​ពួក​បណ្តា‌ជន​ដែល​នៅ​លើ​កំផែង​ស្តាប់​ផង​នោះ​ឡើយ

27 តែ​រ៉ាបសាកេ​តប​ថា ចុះ​តើ​ចៅ‌ហ្វាយ​អញ​បាន​ចាត់​អញ ឲ្យ​មក​និយាយ​សេចក្តី​ទាំង​នេះ ចំពោះ​តែ​នឹង​ចៅ‌ហ្វាយ​ឯង ហើយ​នឹង​ខ្លួន​ឯង​ប៉ុណ្ណោះ​ឬ​អី គឺ​បាន​ចាត់​អញ ឲ្យ​មក​និយាយ​នឹង​មនុស្ស ដែល​អង្គុយ​នៅ​លើ​កំផែង​វិញ​ទេ​តើ ដើម្បី​ឲ្យ​គេ​បាន​ស៊ី​លាមក ហើយ​ផឹក​ទឹក​នោម​របស់​ខ្លួន ជា​មួយ​នឹង​ឯង​ដែរ

28 នោះ​រ៉ាបសាកេ​ក៏​ឈរ​បន្លឺ​ឡើង ជា​ភាសា​របស់​ពួក​សាសន៍​យូដា ប្រាប់​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ស្តេច​ដ៏​ជា​ធំ​ឧត្តម គឺ​ស្តេច​អាស‌ស៊ើរ​ចុះ

29 ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​បណ្តោយ​ឲ្យ​ហេសេគា​បញ្ឆោត​ឯង​រាល់​គ្នា​ឡើយ ដ្បិត​វា​ពុំ​អាច​នឹង​ជួយ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ទេ