26 ឯអេលាគីម ជាកូនហ៊ីលគីយ៉ា និងសេបណា ហើយយ៉ូអា ក៏ឆ្លើយតបទៅរ៉ាបសាកេថា សូមលោកមានប្រសាសន៍ជាភាសាអារ៉ាម មកយើងខ្ញុំប្របាទវិញ ដ្បិតយើងខ្ញុំស្តាប់បាន សូមកុំមានប្រសាសន៍ជាភាសារបស់ពួកយូដា ឲ្យពួកបណ្តាជនដែលនៅលើកំផែងស្តាប់ផងនោះឡើយ
27 តែរ៉ាបសាកេតបថា ចុះតើចៅហ្វាយអញបានចាត់អញ ឲ្យមកនិយាយសេចក្តីទាំងនេះ ចំពោះតែនឹងចៅហ្វាយឯង ហើយនឹងខ្លួនឯងប៉ុណ្ណោះឬអី គឺបានចាត់អញ ឲ្យមកនិយាយនឹងមនុស្ស ដែលអង្គុយនៅលើកំផែងវិញទេតើ ដើម្បីឲ្យគេបានស៊ីលាមក ហើយផឹកទឹកនោមរបស់ខ្លួន ជាមួយនឹងឯងដែរ
28 នោះរ៉ាបសាកេក៏ឈរបន្លឺឡើង ជាភាសារបស់ពួកសាសន៍យូដា ប្រាប់ថា ចូរស្តាប់ព្រះបន្ទូលនៃស្តេចដ៏ជាធំឧត្តម គឺស្តេចអាសស៊ើរចុះ
29 ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំបណ្តោយឲ្យហេសេគាបញ្ឆោតឯងរាល់គ្នាឡើយ ដ្បិតវាពុំអាចនឹងជួយឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃអញបានទេ
30 ក៏កុំឲ្យហេសេគានាំឲ្យឯងរាល់គ្នា ទុកចិត្តដល់ព្រះយេហូវ៉ាដែរ ដោយថា ព្រះយេហូវ៉ា ទ្រង់នឹងជួយឲ្យយើងរាល់គ្នា រួចជាមិនខាន ហើយទីក្រុងនេះនឹងមិនត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ
31 កុំឲ្យស្តាប់តាមហេសេគាឲ្យសោះ ដ្បិតស្តេចអាសស៊ើរមានព្រះបន្ទូលដូច្នេះថា ចូរចងជាស្ពានមេត្រីនឹងអញ ហើយចេញមកឯអញចុះ នោះគ្រប់គ្នានឹងបានស៊ីផលចំការទំពាំងបាយជូរ និងផលដើមល្វា ហើយផឹកទឹកអណ្តូងរបស់ខ្លួនគ្រប់គ្នា
32 ដរាបដល់អញមកនាំយកឯងរាល់គ្នាទៅនៅឯស្រុក១ ដូចជាស្រុករបស់ឯងនេះ ជាស្រុកមានស្រូវ និងទឹកទំពាំងបាយជូរ ហើយនំបុ័ង ព្រមទាំងចំការទំពាំងបាយជូរ ចំការអូលីវហើយនឹងទឹកឃ្មុំផង ដើម្បីឲ្យឯងរាល់គ្នាបានរស់នៅឥតស្លាប់ កុំឲ្យឯងរាល់គ្នាស្តាប់តាមហេសេគា ដែលវាបញ្ចុះបញ្ចូលឯងរាល់គ្នាថា ព្រះយេហូវ៉ាទ្រង់នឹងជួយឲ្យរួចនោះឡើយ