18 ក៏បានបោះចោលព្រះរបស់គេ ទៅក្នុងភ្លើងដែរ ដ្បិតមិនមែនជាព្រះទេ គឺជាស្នាដៃដែលមនុស្សធ្វើមក ពីឈើ ពីថ្មវិញ ហេតុនោះបានជាគេបំផ្លាញទៅបាន
19 ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ សូមទ្រង់ជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃគេផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដី បានដឹងថា គឺទ្រង់ ជាព្រះយេហូវ៉ា ដែលជាព្រះតែ១ព្រះអង្គទេ។
20 គ្រានោះ អេសាយ ជាកូនអ័ម៉ូស ក៏ចាត់គេ ឲ្យទៅឯហេសេគាទូលថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ សេចក្តីដែលឯងបានអធិស្ឋានដល់អញ ពីដំណើរសានហេរីប ជាស្តេចអាសស៊ើរ នោះអញបានយល់ព្រមហើយ
21 នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរស្តេចនោះ គឺថា នាងក្រមុំនៃក្រុងស៊ីយ៉ូនបានស្អប់ខ្ពើមដល់ឯង ហើយបានមើលងាយដល់ឯង កូនស្រីនៃក្រុងយេរូសាឡិមបានគ្រវីក្បាលដល់ឯង
22 តើឯងបានប្រកួត ហើយប្រមាថដល់អ្នកណា តើទាស់នឹងអ្នកណាដែលឯងបានដំឡើងសំឡេង ហើយងើបភ្នែកឡើងជាខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេតើ
23 ឯងប្រកួតនឹងព្រះអម្ចាស់ដោយពួកអ្នកដែលចាត់មកនោះ ដោយថា អញបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចំបាំងអញ ក៏ដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង អញនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ និងដើមកកោះ ដែលល្អជាងគេនៅទីនោះ អញនឹងចូលទៅដល់ទីលំនៅផុតស្រុករបស់គេ គឺដល់ចំការរបស់គេ ដែលដុះដាលដូចជាព្រៃ
24 អញបានជីក ហើយបានផឹកទឹកនៅស្រុកដទៃ ហើយអញនឹងធ្វើ ឲ្យអស់ទាំងទន្លេស្រុកអេស៊ីព្ទរីងស្ងួតទៅ ដោយបាតជើងអញ។