21 នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរស្តេចនោះ គឺថា នាងក្រមុំនៃក្រុងស៊ីយ៉ូនបានស្អប់ខ្ពើមដល់ឯង ហើយបានមើលងាយដល់ឯង កូនស្រីនៃក្រុងយេរូសាឡិមបានគ្រវីក្បាលដល់ឯង
22 តើឯងបានប្រកួត ហើយប្រមាថដល់អ្នកណា តើទាស់នឹងអ្នកណាដែលឯងបានដំឡើងសំឡេង ហើយងើបភ្នែកឡើងជាខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេតើ
23 ឯងប្រកួតនឹងព្រះអម្ចាស់ដោយពួកអ្នកដែលចាត់មកនោះ ដោយថា អញបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចំបាំងអញ ក៏ដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង អញនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ និងដើមកកោះ ដែលល្អជាងគេនៅទីនោះ អញនឹងចូលទៅដល់ទីលំនៅផុតស្រុករបស់គេ គឺដល់ចំការរបស់គេ ដែលដុះដាលដូចជាព្រៃ
24 អញបានជីក ហើយបានផឹកទឹកនៅស្រុកដទៃ ហើយអញនឹងធ្វើ ឲ្យអស់ទាំងទន្លេស្រុកអេស៊ីព្ទរីងស្ងួតទៅ ដោយបាតជើងអញ។
25 តើឯងមិនបានឮថា អញបានគិតជាស្រេច និងធ្វើការទាំងប៉ុន្មាននេះ តាំងពីយូរមកហើយ ព្រមទាំងចាត់ចែងតាំងពីចាស់បុរាណទេឬអី ឥឡូវនេះ អញបានសំរេចការនេះ គឺបានឲ្យឯងបំផ្លាញទីក្រុងមានកំផែង ឲ្យទៅជាគំនរបំណែក
26 ហេតុនោះបានជាពួកអ្នកក្រុងទាំងនោះខ្សោយកំឡាំង គេបានស្រយុតចិត្ត ហើយទ្រឹងនៅ គេក៏ដូចជាស្មៅនៅវាល និងពន្លកខ្ចី ហើយដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ និងស្រូវដែលស្វិតក្រៀម មុនដែលដុះពេញកំឡាំង
27 អញដឹងកន្លែងដែលឯងអង្គុយ និងវេលាណាដែលឯងចេញចូល ក៏ស្គាល់សេចក្តីដែលឯងខឹងក្តៅនឹងអញដែរ