២ ពង្សាវតារក្សត្រ 19:22-28 KHOV

22 តើ​ឯង​បាន​ប្រកួត ហើយ​ប្រមាថ​ដល់​អ្នក​ណា តើ​ទាស់​នឹង​អ្នក​ណា​ដែល​ឯង​បាន​ដំឡើង​សំឡេង ហើយ​ងើប​ភ្នែក​ឡើង​ជា​ខ្ពស់​ដូច្នេះ គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទេ​តើ

23 ឯង​ប្រកួត​នឹង​ព្រះ‌អម្ចាស់​ដោយ​ពួក​អ្នក​ដែល​ចាត់​មក​នោះ ដោយ​ថា អញ​បាន​ឡើង​ទៅ​ឯ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយ‌សារ​រទេះ​ចំបាំង​អញ ក៏​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង អញ​នឹង​កាប់​អស់​ទាំង​ដើម​តាត្រៅ​ដែល​ខ្ពស់ និង​ដើម​កកោះ ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ អញ​នឹង​ចូល​ទៅ​ដល់​ទី​លំនៅ​ផុត​ស្រុក​របស់​គេ គឺ​ដល់​ចំការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ

24 អញ​បាន​ជីក ហើយ​បាន​ផឹក​ទឹក​នៅ​ស្រុក​ដទៃ ហើយ​អញ​នឹង​ធ្វើ ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត​ទៅ ដោយ​បាត​ជើង​អញ។

25 តើ​ឯង​មិន​បាន​ឮ​ថា អញ​បាន​គិត​ជា​ស្រេច និង​ធ្វើ​ការ​ទាំង​ប៉ុន្មាន​នេះ តាំង​ពី​យូរ​មក​ហើយ ព្រម​ទាំង​ចាត់‌ចែង​តាំង​ពី​ចាស់​បុរាណ​ទេ​ឬ​អី ឥឡូវ​នេះ អញ​បាន​សំរេច​ការ​នេះ គឺ​បាន​ឲ្យ​ឯង​បំផ្លាញ​ទី​ក្រុង​មាន​កំផែង ឲ្យ​ទៅ​ជា​គំនរ​បំណែក

26 ហេតុ​នោះ​បាន​ជា​ពួក​អ្នក​ក្រុង​ទាំង​នោះ​ខ្សោយ​កំឡាំង គេ​បាន​ស្រយុត​ចិត្ត ហើយ​ទ្រឹង​នៅ គេ​ក៏​ដូច​ជា​ស្មៅ​នៅ​វាល និង​ពន្លក​ខ្ចី ហើយ​ដូច​ជា​ស្មៅ​ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះ និង​ស្រូវ​ដែល​ស្វិត​ក្រៀម មុន​ដែល​ដុះ​ពេញ​កំឡាំង

27 អញ​ដឹង​កន្លែង​ដែល​ឯង​អង្គុយ និង​វេលា​ណា​ដែល​ឯង​ចេញ​ចូល ក៏​ស្គាល់​សេចក្តី​ដែល​ឯង​ខឹង​ក្តៅ​នឹង​អញ​ដែរ

28 ដោយ​ព្រោះ​ឯង​ខឹង​នឹង​អញ​ដូច្នេះ ហើយ​ដោយ​ព្រោះ​សេចក្តី​ព្រហើន​របស់​ឯង បាន​ឮ​មក​ដល់​ត្រចៀក​អញ នោះ​អញ​នឹង​ដាក់​កន្លុះ​របស់​អញ​នៅ​ច្រមុះ​ឯង និង​ដែក​បង្ខាំង​របស់​អញ​នៅ​មាត់​ឯង ហើយ​អញ​នឹង​ញាក់​ឯង ឲ្យ​វិល​ទៅ​តាម​ផ្លូវ ដែល​ឯង​បាន​មក​នោះ​វិញ។