1 ក្រោយមក ក្នុងគ្រាដែលព្រះយេហូវ៉ា ទ្រង់សព្វព្រះហឫទ័យនឹងលើកអេលីយ៉ា ឡើងទៅស្ថានសួគ៌ ដោយខ្យល់កួច នោះអេលីយ៉ា និងអេលីសេ ក៏ចេញពីក្រុងគីលកាលទៅជាមួយគ្នា
2 ឯអេលីយ៉ា លោកប្រាប់ដល់អេលីសេថា ចូរឯងរង់ចាំនៅទីនេះសិន ដ្បិតព្រះយេហូវ៉ាទ្រង់បានចាត់អញ ឲ្យទៅឯក្រុងបេត-អែល តែអេលីសេប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏រស់នៅដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ចុះទៅឯបេត-អែល
3 រីឯពួកសិស្សរបស់ពួកហោរា ដែលនៅក្រុងបេត-អែល គេចេញមកសួរអេលីសេថា តើលោកជ្រាបថានៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលើកគ្រូលោក ពីមុខលោកចេញឬទេ គាត់ឆ្លើយថា អើ ខ្ញុំដឹងហើយ ចូរអ្នករាល់គ្នានៅស្ងៀមទៅ
4 អេលីយ៉ាក៏ប្រាប់គាត់ថា អេលីសេអើយ សូមរង់ចាំនៅទីនេះសិន ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅឯក្រុងយេរីខូរ តែគាត់ប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏នៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ទៅដល់យេរីខូរ
5 រីឯពួកសិស្សរបស់ពួកហោរា ដែលនៅក្រុងយេរីខូរ គេមកសួរអេលីសេថា តើលោកជ្រាបថា នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលើកគ្រូលោកពីមុខលោកទៅឬទេ គាត់ឆ្លើយថា អើ ខ្ញុំដឹងហើយ ចូរអ្នករាល់គ្នានៅស្ងៀមទៅ
6 រួចអេលីយ៉ាប្រាប់គាត់ថា សូមឲ្យឯងរង់ចាំនៅទីនេះសិន ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅឯទន្លេយ័រដាន់ តែគាត់ប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏នៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ដើរតទៅ
7 មានពួកសិស្ស៥០នាក់នៃពួកហោរា ក៏តាមទៅឈរមើលពីចំងាយ តែអ្នកទាំង២ក៏ឈរនៅមាត់ទន្លេយ័រដាន់