14 នោះហោរាអេសាយ លោកមកគាល់ស្តេចហេសេគា ទូលសួរថា អ្នកទាំងនោះបាននិយាយអ្វីខ្លះ ហើយមកពីណាដែលមកគាល់ទ្រង់ដូច្នេះ ហេសេគាទ្រង់តបថា គេមកពីប្រទេសឆ្ងាយណាស់ គឺពីស្រុកបាប៊ីឡូន
15 រួចលោកទូលសួរទៀតថា គេបានឃើញអ្វីខ្លះ នៅក្នុងព្រះរាជវាំង ហេសេគាឆ្លើយថា គេបានឃើញរបស់ទាំងអស់ ដែលនៅក្នុងដំណាក់យើង ហើយក្នុងព្រះរាជទ្រព្យយើងទាំងអម្បាលម៉ាន គ្មានអ្វីដែលយើងមិនបានបង្ហាញដល់គេនោះឡើយ។
16 ដូច្នេះអេសាយលោកទូលដល់ហេសេគាថា សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន
17 មើល នឹងមានគ្រាមកដល់ ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យ ដែលនៅក្នុងព្រះរាជវាំង និងរបស់ទាំងប៉ុន្មានដែលពួកអយ្យកោទ្រង់បានសន្សំទុក រហូតដល់សព្វថ្ងៃនេះ នាំទៅឯក្រុងបាប៊ីឡូន ឥតទុកឲ្យមានអ្វីសល់នៅឡើយ នេះឯងជាព្រះបន្ទូលនៃព្រះយេហូវ៉ា
18 ឯពួកបុត្រាទាំងប៉ុន្មាន ដែលនឹងកើតពីទ្រង់មក នោះនឹងត្រូវដឹកនាំទៅ ឲ្យធ្វើជាមនុស្សកំរៀវនៅក្នុងដំណាក់នៃស្តេចស្រុកបាប៊ីឡូន
19 ហេសេគាទ្រង់មានព្រះបន្ទូលទៅអេសាយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានថានោះជាល្អហើយ រួចមានព្រះបន្ទូលទៀតថា បើមានសេចក្តីសុខសាន្ត និងសេចក្តីពិតនៅក្នុងគ្រាយើងនេះ តើមិនមែនជាការល្អទេឬ
20 រីឯដំណើរឯទៀតពីហេសេគា និងពីអំណាចទ្រង់ទាំងប៉ុន្មាន ហើយដែលទ្រង់បានធ្វើស្រះទឹក និងប្រឡាយបង្ហូរទឹកចូលមកក្នុងទីក្រុងជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ