២ ពង្សាវតារក្សត្រ 20:16-21 KHOV

16 ដូច្នេះ​អេសាយ​លោក​ទូល​ដល់​ហេសេគា​ថា សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន

17 មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​មក​យក​អស់​ទាំង​របស់​ទ្រព្យ ដែល​នៅ​ក្នុង​ព្រះ‌រាជ‌វាំង និង​របស់​ទាំង​ប៉ុន្មាន​ដែល​ពួក​អយ្យកោ​ទ្រង់​បាន​សន្សំ​ទុក រហូត​ដល់​សព្វ​ថ្ងៃ​នេះ នាំ​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​ឲ្យ​មាន​អ្វី​សល់​នៅ​ឡើយ នេះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

18 ឯ​ពួក​បុត្រា​ទាំង​ប៉ុន្មាន ដែល​នឹង​កើត​ពី​ទ្រង់​មក នោះ​នឹង​ត្រូវ​ដឹក‌នាំ​ទៅ ឲ្យ​ធ្វើ​ជា​មនុស្ស​កំរៀវ​នៅ​ក្នុង​ដំណាក់​នៃ​ស្តេច​ស្រុក​បាប៊ី‌ឡូន

19 ហេសេគា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អេសាយ​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​ថា​នោះ​ជា​ល្អ​ហើយ រួច​មាន​ព្រះ‌បន្ទូល​ទៀត​ថា បើ​មាន​សេចក្តី​សុខ‌សាន្ត និង​សេចក្តី​ពិត​នៅ​ក្នុង​គ្រា​យើង​នេះ តើ​មិន​មែន​ជា​ការ​ល្អ​ទេ​ឬ

20 រីឯ​ដំណើរ​ឯ​ទៀត​ពី​ហេសេគា និង​ពី​អំណាច​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ដែល​ទ្រង់​បាន​ធ្វើ​ស្រះ​ទឹក និង​ប្រឡាយ​បង្ហូរ​ទឹក​ចូល​មក​ក្នុង​ទី​ក្រុង​ជា​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

21 ហេសេគា​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ រួច​ម៉ាន៉ាសេ ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។