3 ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំ ដែលបានដើរនៅចំពោះទ្រង់ ដោយពិតត្រង់ ហើយដោយចិត្តស្មោះចំពោះ ព្រមទាំងប្រព្រឹត្តអំពើដ៏ល្អ នៅព្រះនេត្រទ្រង់ជាយ៉ាងណា រួចហេសេគាទ្រង់ព្រះកន្សែងជាខ្លាំង
4 ឯអេសាយ លោកបានចេញទៅ មិនទាន់ដល់ទីធ្លាកណ្តាលនៅឡើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់លោកថា
5 ចូរត្រឡប់ទៅទូលដល់ហេសេគា ជាមេលើរាស្ត្រអញថា ព្រះយេហូវ៉ា ជាព្រះនៃដាវីឌអយ្យកោឯង ទ្រង់មានព្រះបន្ទូលដូច្នេះ អញបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែកឯងហើយ មើល អញនឹងប្រោសឲ្យឯងបានជា រួចដល់ថ្ងៃទី៣ ឯងនឹងឡើងទៅក្នុងព្រះវិហារ នៃព្រះយេហូវ៉ាបាន
6 អញនឹងចំរើនអាយុឯងឡើង១៥ឆ្នាំទៀត ហើយនឹងដោះឯង និងទីក្រុងនេះ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរ ព្រមទាំងការពារទីក្រុងនេះ រក្សាទុកសំរាប់ខ្លួនអញ គឺដោយយល់ដល់ដាវីឌ ជាអ្នកបំរើអញផង
7 អេសាយក៏ទូលថា សូមយកផ្លែល្វា១ផែនមក នោះគេក៏យកមកបិទលើបូសនោះ រួចទ្រង់បានជាឡើង។
8 ហេសេគាទ្រង់មានព្រះបន្ទូលសួរអេសាយថា តើមានទីសំគាល់ណាឲ្យខ្ញុំដឹងថា ព្រះយេហូវ៉ានឹងប្រោសឲ្យខ្ញុំបានជា ហើយដែលខ្ញុំនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ានៅថ្ងៃទី៣ដូច្នេះ
9 អេសាយទូលតបថា នេះជាទីសំគាល់ពីព្រះយេហូវ៉ា ឲ្យទ្រង់បានជ្រាបថា ព្រះយេហូវ៉ាទ្រង់នឹងសំរេចតាមសេចក្តីដែលមានព្រះបន្ទូលហើយ តើទ្រង់សព្វព្រះទ័យឲ្យស្រមោលធ្លាក់ទៅមុខ១០ចុច ឬថយក្រោយ១០ចុចវិញ