10 ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូល ដោយសារពួកហោរា ជាអ្នកពួកបំរើទ្រង់ថា
11 ដោយព្រោះម៉ាន៉ាសេជាស្តេចយូដា បានធ្វើការដែលគួរស្អប់ខ្ពើមទាំងអស់នេះ ហើយបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ លើសជាងគ្រប់ទាំងអំពើរបស់សាសន៍អាម៉ូរីដែលនៅមុនគេ ព្រមទាំងបណ្តាលឲ្យពួកយូដាធ្វើបាប តាមរូបព្រះខ្លួនផង
12 នោះបានជាព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងបណ្តាឲ្យកើតមានសេចក្តីអាក្រក់ នៅក្រុងយេរូសាឡិម ហើយនៅស្រុកយូដា ដល់ម៉្លេះបានជាអ្នកណាដែលឮនិយាយ នោះត្រចៀកគេទាំងសងខាងនឹងខ្ទរខ្ទ័រ
13 អញនឹងវាស់ក្រុងយេរូសាឡិម ដោយខ្សែសិនរបស់ក្រុងសាម៉ារី ហើយដោយកូនតឹងនៃជំនួរវង្សអ័ហាប់ អញនឹងជូតក្រុងយេរូសាឡិម ដូចជាគេជូតចាន គឺទាំងជូត ហើយដាក់ផ្កាប់ផង
14 អញនឹងបោះបង់ចោលសំណល់ នៃមរដករបស់អញទៅ ព្រមទាំងប្រគល់គេទៅ ក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ហើយគេនឹងត្រឡប់ជារំពា និងរបឹប ដល់អស់ទាំងពួកខ្មាំងសត្រូវគេ
15 គឺដោយព្រោះគេបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់នៅភ្នែកអញ ព្រមទាំងបណ្តាលឲ្យអញមានសេចក្តីក្រោធ ចាប់តាំងពីថ្ងៃដែលពួកអយ្យកោគេ បានចេញពីស្រុកអេស៊ីព្ទមក ដរាបដល់ថ្ងៃនេះ។
16 មួយទៀត ម៉ាន៉ាសេទ្រង់បានកំចាយឈាម ដែលឥតទោសជាច្រើន ទាល់តែបានធ្វើឲ្យក្រុងយេរូសាឡិមពេញដោយឈាមនោះ ចាប់តាំងពីម្ខាងទៅដល់ម្ខាង នេះក្រៅពីអំពើបាបដែលទ្រង់បានធ្វើ ដែលនាំឲ្យពួកយូដាធ្វើតាម ដោយប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា