២ ពង្សាវតារក្សត្រ 21:16-22 KHOV

16 មួយ​ទៀត ម៉ាន៉ាសេ​ទ្រង់​បាន​កំចាយ​ឈាម ដែល​ឥត​ទោស​ជា​ច្រើន ទាល់​តែ​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ពេញ​ដោយ​ឈាម​នោះ ចាប់​តាំង​ពី​ម្ខាង​ទៅ​ដល់​ម្ខាង នេះ​ក្រៅ​ពី​អំពើ​បាប​ដែល​ទ្រង់​បាន​ធ្វើ ដែល​នាំ​ឲ្យ​ពួក​យូដា​ធ្វើ​តាម ដោយ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

17 រីឯ​ដំណើរ​ឯ​ទៀត​ពី​ម៉ាន៉ាសេ និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ ហើយ​អំពើ​បាប​ដែល​ទ្រង់​ប្រព្រឹត្ត នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

18 ម៉ាន៉ាសេ​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​ទ្រង់ នៅ​ក្នុង​ច្បារ​នៃ​ដំណាក់​ទ្រង់ គឺ​ក្នុង​ច្បាប់​របស់​អ៊ូសា រួច​អាំម៉ូន ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

19 កាល​អាំម៉ូន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​២​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ថា មស៊ូ‌លេ‌មេត​បុត្រី​របស់​ហារូស ជា​អ្នក​ស្រុក​យ៉ុតបា

20 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ម៉ាន៉ាសេ ជា​ព្រះ‌បិតា​ទ្រង់​ដែរ

21 ទ្រង់​បាន​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌បិតា ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ ហើយ​ថ្វាយ‌បង្គំ ដល់​អស់​ទាំង​រូប​ព្រះ​របស់​ព្រះ‌បិតា

22 ទ្រង់​បោះ​បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ទ្រង់ ឥត​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា​ឡើយ