២ ពង្សាវតារក្សត្រ 21:3-9 KHOV

3 ដ្បិត​ទ្រង់​បាន​ស្អាង​អស់​ទាំង​ទី​ខ្ពស់ ដែល​ហេសេគា ជា​ព្រះ‌បិតា​ទ្រង់ បាន​បំផ្លាញ​ចេញ​នោះ​ឡើង​វិញ ក៏​ដំឡើង​អាស‌នា​ថ្វាយ​ព្រះ‌បាល ហើយ​ធ្វើ​រូប​ព្រះ​ដូច​ជា​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ​ដែរ ព្រម​ទាំង​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម​អស់​ទាំង​ពួក​ពល​បរិវា​នៅ​លើ​មេឃ​ផង

4 ទ្រង់​ក៏​ស្អាង​អាស‌នា នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​តាំង​ឈ្មោះ​អញ នៅ​ក្រុង​យេរូ‌សាឡិម​នោះ

5 ទ្រង់​ធ្វើ​អាស‌នា​សំរាប់​អស់​ទាំង​ពួក​ពល​បរិវារ ដែល​នៅ​លើ​មេឃ នៅ​ក្នុង​ទីលាន​ទាំង​២​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

6 ទ្រង់​ធ្វើ​ឲ្យ​បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង​ក៏​កាន់​នក្ខត្ត‌ឫក្ស ហើយ​អង្គុយ​ធម៌ ព្រម​ទាំង​ប្រកប​នឹង​គ្រូ​ខាប ហើយ​គ្រូ​គាថា​ផង ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់​យ៉ាង​ច្រើន នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​អំពើ​ដែល​នាំ​ឲ្យ​ព្រះ​មាន​សេចក្តី​ក្រោធ

7 ទ្រង់​ក៏​យក​រូប​ព្រះ​ឆ្លាក់ ដែល​ទ្រង់​បាន​ធ្វើ ទៅ​តាំង​នៅ​ក្នុង​ព្រះ‌វិហារ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ហើយ​នឹង​សាឡូ‌ម៉ូន ជា​បុត្រ​ទ្រង់​ថា អញ​នឹង​តាំង​ឈ្មោះ​អញ ឲ្យ​នៅ​ក្នុង​ព្រះ‌វិហារ​នេះ ហើយ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដែល​អញ​បាន​រើស​ពី​គ្រប់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​នៅ​ជា​ដរាប​ត​ទៅ

8 ហើយ​នឹង​មិន​ដែល​ឲ្យ​ជើង​សាសន៍​អ៊ីស្រា‌អែល ដើរ​សាត់‌ព្រាត់​ចេញ​ពី​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​អយ្យកោ​គេ​ទៀត​ឡើយ ឲ្យ​តែ​គេ​បាន​ប្រយ័ត្ន​នឹង​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​អញ​បាន​បង្គាប់​ដល់​គេ ហើយ​តាម​ក្រឹត្យ‌វិន័យ​ទាំង​អស់​ដែល​ម៉ូសេ ជា​អ្នក​បំរើ​អញ បាន​បង្គាប់​ដល់​គេ​ផង

9 តែ​គេ​មិន​បាន​ស្តាប់​តាម​សោះ ហើយ​ម៉ាន៉ាសេ​ក៏​ល្បួង​គេ ឲ្យ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ លើស​ជាង​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទៀត។