២ ពង្សាវតារក្សត្រ 22:10-16 KHOV

10 រួច​សាផាន​ដ៏​ជា​ស្មៀន​ក៏​ទូល​ស្តេច​ថា ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ បាន​ឲ្យ​គម្ពីរ​នេះ​មក​ទូល‌បង្គំ ដូច្នេះ សាផាន​ក៏​អាន​មើល​ថ្វាយ​ស្តេច។

11 កាល​ស្តេច​ទ្រង់​បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នោះ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ

12 រួច​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ អ័ហ៊ី‌កាម ជា​កូន​សាផាន អ័កបោរ ជា​កូន​មីកាយ៉ា និង​សាផាន​ដ៏​ជា​ស្មៀន ហើយ​អ័សាយ៉ា ជា​អ្នក​ជំនិត​ស្តេច​ថា

13 ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ពី​ដំណើរ​ព្រះ‌បន្ទូល​ដែល​មាន​ក្នុង​គម្ពីរ ដែល​គេ​បាន​ប្រទះ​ឃើញ​នេះ ឲ្យ​យើង និង​ពួក​បណ្តា‌ជន ជា​ពួក​យូដា​ទាំង​អស់​គ្នា​ផង ដ្បិត​សេចក្តី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា ដែល​កើត​ឡើង​ទាស់​នឹង​យើង​រាល់​គ្នា នោះ​ខ្លាំង​ក្រៃលែង ពី​ព្រោះ​ពួក​អយ្យកោ​យើង​រាល់​គ្នា មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នេះ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្តី ដែល​បាន​បង្គាប់​មក​យើង​រាល់​គ្នា​ទេ។

14 ដូច្នេះ ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ និង​អ័ហ៊ី‌កាម អ័កបោរ សាផាន ហើយ​អ័សាយ៉ា គេ​ក៏​ទៅ​ឯ​ហោរា​ស្រី​ឈ្មោះ​ហ៊ុលដា ជា​ប្រពន្ធ​របស់​សាលូម ជា​កូន​ធីកវ៉ា ដែល​ជា​កូន​ហារហាស អ្នក​រក្សា​ព្រះ‌ពស្ត្រ​ស្តេច (ហោរា​ស្រី​នោះ​នៅ​ឃុំ​លេខ​២​ក្នុង​ក្រុង​យេរូ‌សាឡិម) ហើយ​គេ​ស្នើ​ការ​នឹង​នាង

15 នាង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​ប្រាប់​ដល់​មនុស្ស ដែល​ចាត់​អ្នក​រាល់​គ្នា​មក​ឯ​ខ្ញុំ​ថា

16 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​សេចក្តី​អាក្រក់​មក​លើ​ទី​នេះ ហើយ​លើ​បណ្តា‌ជន​ដែល​នៅ​ក្រុង​នេះ​ដែរ គឺ​គ្រប់​ទាំង​សេចក្តី​ក្នុង​គម្ពីរ ដែល​ស្តេច​យូដា​បាន​ទត​នោះ