16 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំសេចក្តីអាក្រក់មកលើទីនេះ ហើយលើបណ្តាជនដែលនៅក្រុងនេះដែរ គឺគ្រប់ទាំងសេចក្តីក្នុងគម្ពីរ ដែលស្តេចយូដាបានទតនោះ
17 ពីព្រោះគេបានបោះបង់ចោលអញ ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ជាការដែលនាំឲ្យអញមានសេចក្តីក្រោធ ដោយសារការទាំងប៉ុន្មានដែលដៃគេធ្វើ ដោយហេតុនោះបានជាសេចក្តីក្រោធរបស់អញ នឹងឆេះឆួលឡើងទាស់នឹងទីនេះ ហើយនឹងពន្លត់មិនបានផង
18 តែត្រូវឲ្យអ្នករាល់គ្នាទូលដល់ស្តេចយូដា ដែលចាត់អ្នករាល់គ្នា ឲ្យទៅទូលសួរព្រះយេហូវ៉ាថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ត្រង់ឯពាក្យដែលឯងបានឮ
19 នោះដោយព្រោះឯងមានចិត្តទន់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលឯងបានឮសេចក្តី ដែលអញបានទាយទាស់នឹងទីនេះ ហើយទាស់នឹងបណ្តាជនដែលនៅក្រុងនេះថា គេនឹងត្រូវសាបសូន្យ ហើយត្រូវត្រឡប់ជាសេចក្តីបណ្តាសា ហើយដោយព្រោះឯងបានហែកសំលៀកបំពាក់ ព្រមទាំងយំនៅមុខអញដូច្នេះ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញក៏បានឮហើយ
20 ហេតុនោះបានជាអញនឹងឲ្យឯងទៅជួបជុំនឹងពួកអយ្យកោឯង ហើយគេនឹងបញ្ចុះឯង នៅក្នុងផ្នូរដោយសុខសាន្ត ភ្នែកឯងនឹងមិនឃើញអស់ទាំងសេចក្តីអាក្រក់ ដែលអញនឹងនាំមកលើទីនេះទេ ដូច្នេះ គេក៏នាំយកពាក្យទាំងនោះ ទៅទូលដល់ស្តេចវិញ។