2 ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ហើយក៏ដើរតាមគ្រប់ទាំងផ្លូវរបស់ដាវីឌ ជាអយ្យកោទ្រង់ ឥតបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ។
3 នៅឆ្នាំទី១៨ក្នុងរាជ្យស្តេចយ៉ូសៀស នោះទ្រង់ចាត់សាផានដ៏ជាស្មៀន ជាកូនអ័សាលា ដែលជាកូនមស៊ូឡាមឲ្យទៅឯព្រះវិហារនៃព្រះយេហូវ៉ា ដោយថា
4 ចូរឡើងទៅឯហ៊ីលគីយ៉ា ជាសំដេចសង្ឃ ឲ្យលោកយកប្រាក់ដែលគេបាននាំយកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ជាប្រាក់ដែលពួកអ្នកឆ្មាំទ្វារបានទទួល ពីពួកបណ្តាជន
5 ហើយប្រគល់ទៅក្នុងអំណាច នៃពួកអ្នកដែលត្រួតមើលការ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដើម្បីឲ្យគេបានចំណាយដល់ពួកជាង ដែលធ្វើការជួសជុលកន្លែងបាក់បែក ក្នុងព្រះវិហារនៃព្រះយេហូវ៉ាចុះ
6 គឺដល់ពួកជាងឈើ ពួកជាងរៀបថ្ម និងពួកជាងផ្សេងៗ សំរាប់នឹងទិញឈើ និងថ្មដាប់ស្រាប់ មកជួសជុលព្រះវិហារ
7 ប៉ុន្តែគេមិនបានគិតប្រាក់ ដែលបានប្រគល់ទៅ ក្នុងអំណាចនៃអ្នកទាំងនោះទេ ដ្បិតគេធ្វើការដោយស្មោះត្រង់។
8 ឯហ៊ីលគីយ៉ា ជាសំដេចសង្ឃ លោកប្រាប់ដល់សាផាន ជាស្មៀនថា ខ្ញុំបានប្រទះឃើញគម្ពីរក្រឹត្យវិន័យ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហ៊ីលគីយ៉ាក៏ប្រគល់គម្ពីរនោះទៅសាផាន ហើយសាផានបានអានមើល