២ ពង្សាវតារក្សត្រ 23:10-16 KHOV

10 ទ្រង់​ក៏​ធ្វើ​បង្អាប់​ដល់​តំបន់​តូផែត ដែល​នៅ​ក្នុង​ច្រក​ភ្នំ របស់​ពួក​កូន​ចៅ​ហ៊ីនណំម ដើម្បី​មិន​ឲ្យ​មាន​អ្នក​ណា​ធ្វើ​ឲ្យ​កូន​ប្រុស ឬ​កូន​ស្រី ឆ្លង​កាត់​ភ្លើង​ថ្វាយ​ព្រះ‌ម៉ូឡុក​ទៀត​ឡើយ

11 ទ្រង់​បំបាត់​សេះ​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​យូដា បាន​ថ្វាយ​ដល់​ព្រះ‌អាទិត្យ​ដែល​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក្បែរ​បន្ទប់​របស់​នេថាន-មេលេក ជា​មេ​ដែល​នៅ​តំបន់​ក្រៅ ហើយ​ក៏​ដុត​រថ​នៃ​ព្រះ‌អាទិត្យ​ចោល

12 ឯ​អាស‌នា​ដែល​ពួក​ស្តេច​យូដា​បាន​ធ្វើ នៅ​លើ​ដំបូល​បន្ទប់​ខាង​លើ​របស់​អ័ហាស និង​អាស‌នា​ដែល​ម៉ាន៉ាសេ បាន​ធ្វើ​នៅ​ក្នុង​ទីលាន​ទាំង​២​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ស្តេច​ក៏​បំបែក​បំបាក់​យក​ចេញ​ពី​នោះ បោះ​ចោល​ផង់​កំទេច​ទៅ​ក្នុង​ជ្រោះ​កេដ្រុន​ទៅ

13 ហើយ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​មុខ​ក្រុង​យេរូ‌សាឡិម គឺ​នៅ​ខាង​ស្តាំ​ភ្នំ​អសោច ដែល​សាឡូ‌ម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល បាន​ធ្វើ​ថ្វាយ​ដល់​ព្រះ‌អាស‌ថារ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ស៊ីដូន និង​ថ្វាយ​ដល់​ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ម៉ូអាប់ ហើយ​ថ្វាយ​ដង្វាយ​ដល់​ព្រះ‌មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​អាំម៉ូន នោះ​ស្តេច​ទ្រង់​ក៏​ធ្វើ​បង្អាប់​ទាំង​អស់​ដែរ

14 ក៏​បំបាក់​បំបែក​អស់​ទាំង​បង្គោល ដែល​សំរាប់​គោរព ហើយ​រំលំ​រូប​ព្រះ រួច​យក​ឆ្អឹង​មនុស្ស​មក​រាយ​ពេញ​កន្លែង​នោះ។

15 ឯ​អាស‌នា​ដែល​នៅ​ត្រង់​ក្រុង​បេត-អែល និង​ទី​ខ្ពស់ ដែល​យេរ៉ូ‌បោម កូន​នេបាត ជា​អ្នក​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប បាន​ធ្វើ ទ្រង់​ក៏​បំបែក​បំបាក់​អាស‌នា និង​ទី​ខ្ពស់ ព្រម​ទាំង​ដុត​ទី​ខ្ពស់​នោះ វាយ​កំទេច​ជា​ផង់​ធូលី ហើយ​ដុត​រូប​ព្រះ​ផង

16 កាល​យ៉ូសៀស​បែរ​ទត​ទៅ នោះ​ក៏​ឃើញ​ផ្នូរ​ខ្មោច​នៅ​ភ្នំ រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​យក​ឆ្អឹង​ពី​ផ្នូរ​ទាំង​នោះ មក​ដុត​លើ​អាស‌នា ធ្វើ​បង្អាប់​ដល់​អាស‌នា​នោះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ប្រកាស​ទុក គឺ​ជា​អ្នក​ដែល​បាន​ទាយ​ប្រាប់​ពី​ការ​ទាំង​នោះ