២ ពង្សាវតារក្សត្រ 23:16-22 KHOV

16 កាល​យ៉ូសៀស​បែរ​ទត​ទៅ នោះ​ក៏​ឃើញ​ផ្នូរ​ខ្មោច​នៅ​ភ្នំ រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​យក​ឆ្អឹង​ពី​ផ្នូរ​ទាំង​នោះ មក​ដុត​លើ​អាស‌នា ធ្វើ​បង្អាប់​ដល់​អាស‌នា​នោះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ប្រកាស​ទុក គឺ​ជា​អ្នក​ដែល​បាន​ទាយ​ប្រាប់​ពី​ការ​ទាំង​នោះ

17 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​ម៉ុង​អី ដែល​អញ​ឃើញ​ឯ​ណោះ ពួក​អ្នក​ក្រុង​នោះ​គេ​ទូល​ឆ្លើយ​ថា នោះ​គឺ​ជា​ម៉ុង​នៃ​អ្នក​សំណប់​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា ហើយ​បាន​ទាយ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​សំរេច​ដល់​អាស‌នា​បេត-អែល​នេះ

18 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទុក​ចុះ កុំ​ឲ្យ​អ្នក​ណា​ទៅ​រើ​ឆ្អឹង​គាត់​ឡើយ ដូច្នេះ គេ​ក៏​ទុក​ឆ្អឹង​គាត់​នៅ ព្រម​ទាំង​ឆ្អឹង​នៃ​ហោរា ដែល​មក​ពី​សាម៉ារី​នោះ​ដែរ

19 ហើយ​អស់​ទាំង​វិហារ​នៃ​ទី​ខ្ពស់ ក្នុង​ទី​ក្រុង​នៃ​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្តី​ក្រោធ នោះ​ស្តេច​យ៉ូសៀស ក៏​បំបាត់​ចេញ ព្រម​ទាំង​ធ្វើ​ដល់​ទី​ទាំង​នោះ​តាម​គ្រប់​ទាំង​សេចក្តី ដែល​ទ្រង់​បាន​ធ្វើ​នៅ​ត្រង់​បេត-អែល​ដែរ

20 ទ្រង់​សំឡាប់​ពួក​សង្ឃ​ទាំង​អស់​នៃ​ទី​ខ្ពស់ ដែល​នៅ​ក្នុង​ស្រុក​នោះ​នៅ​លើ​អាស‌នា ព្រម​ទាំង​ដុត​ឆ្អឹង​ខ្មោច នៅ​លើ​អាស‌នា​នោះ​ផង រួច​ទ្រង់​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។

21 ស្តេច​ទ្រង់​បង្គាប់​ដល់​បណ្តា‌ជន​ទាំង‌ឡាយ​ថា ចូរ​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដូច​ជា​បាន​ចែង​ទុក​មក​ក្នុង​គម្ពីរ​សញ្ញា​នេះ​ចុះ

22 ពិត​ប្រាកដ​ជា​មិន​ដែល​មាន​បុណ្យ​រំលង​យ៉ាង​នោះ​ឡើយ ចាប់​តាំង​ពី​គ្រា​ពួក​ចៅ‌ហ្វាយ ជា​អ្នក​ដែល​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រា‌អែល​រហូត​មក​ដល់​គ្រា​ពួក​ស្តេច​អ៊ីស្រា‌អែល និង​ពួក​ស្តេច​យូដា​ទាំង​ប៉ុន្មាន​ផង