22 ពិតប្រាកដជាមិនដែលមានបុណ្យរំលងយ៉ាងនោះឡើយ ចាប់តាំងពីគ្រាពួកចៅហ្វាយ ជាអ្នកដែលគ្រប់គ្រងលើពួកអ៊ីស្រាអែលរហូតមកដល់គ្រាពួកស្តេចអ៊ីស្រាអែល និងពួកស្តេចយូដាទាំងប៉ុន្មានផង
23 គឺនៅឆ្នាំទី១៨ នៃរាជ្យស្តេចយ៉ូសៀសដែលគេធ្វើបុណ្យរំលងនោះ ថ្វាយព្រះយេហូវ៉ានៅត្រង់ក្រុងយេរូសាឡិម។
24 មួយទៀត យ៉ូសៀសក៏បំបាត់ពួកគ្រូខាប គ្រូគាថា ព្រមទាំងរូបឆ្លាក់ និងព្រះទាំងប៉ុន្មាន ហើយគ្រប់ទាំងសេចក្តីគួរស្អប់ខ្ពើម ដែលឃើញមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡិមទាំងអស់ចេញ ដើម្បីឲ្យបានសំរេចតាមពាក្យនៃក្រឹត្យវិន័យកត់ទុកក្នុងគម្ពីរ ដែលហ៊ីលគីយ៉ាជាសំដេចសង្ឃ បានប្រទះឃើញក្នុងព្រះវិហារនៃព្រះយេហូវ៉ា
25 នៅមុនទ្រង់នោះគ្មានស្តេចណាឲ្យដូចទ្រង់ ដែលបានត្រឡប់មកឯព្រះយេហូវ៉ា ឲ្យអស់ពីចិត្ត អស់ពីព្រលឹម ហើយអស់ពីកំឡាំង តាមគ្រប់ទាំងក្រឹត្យវិន័យរបស់លោកម៉ូសេឡើយ ហើយកាលក្រោយទ្រង់មក ក៏មិនដែលកើតមានដែរ។
26 ប៉ុន្តែព្រះយេហូវ៉ា ទ្រង់មិនបានអន់ថយ ពីសេចក្តីក្រោធដ៏ជាខ្លាំង ដែលទ្រង់កើតមានដល់ពួកយូដា ដោយព្រោះអស់ទាំងសេចក្តីចាក់រុក ដែលម៉ាន៉ាសេបានប្រព្រឹត្តនឹងទ្រង់នោះឡើយ
27 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងដកពួកយូដាពីមុខអញចេញ ដូចជាអញបានដកពួកអ៊ីស្រាអែលចេញដែរ ហើយអញនឹងបោះបង់ចោលក្រុងយេរូសាឡិមនេះ ដែលអញបានរើស និងព្រះវិហារដែលអញបានថា ឈ្មោះអញនឹងនៅទីនេះនោះផង។
28 រីឯដំណើរឯទៀតពីយ៉ូសៀស និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ