២ ពង្សាវតារក្សត្រ 23:23-29 KHOV

23 គឺ​នៅ​ឆ្នាំ​ទី​១៨ នៃ​រាជ្យ​ស្តេច​យ៉ូសៀស​ដែល​គេ​ធ្វើ​បុណ្យ​រំលង​នោះ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ត្រង់​ក្រុង​យេរូ‌សាឡិម។

24 មួយ​ទៀត យ៉ូសៀស​ក៏​បំបាត់​ពួក​គ្រូ​ខាប គ្រូ​គាថា ព្រម​ទាំង​រូប​ឆ្លាក់ និង​ព្រះ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​សេចក្តី​គួរ​ស្អប់​ខ្ពើម ដែល​ឃើញ​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ចេញ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ពាក្យ​នៃ​ក្រឹត្យ‌វិន័យ​កត់​ទុក​ក្នុង​គម្ពីរ ដែល​ហ៊ីល‌គីយ៉ា​ជា​សំដេច​សង្ឃ បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

25 នៅ​មុន​ទ្រង់​នោះ​គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់ ដែល​បាន​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹម ហើយ​អស់​ពី​កំឡាំង តាម​គ្រប់​ទាំង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ឡើយ ហើយ​កាល​ក្រោយ​ទ្រង់​មក ក៏​មិន​ដែល​កើត​មាន​ដែរ។

26 ប៉ុន្តែ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​អន់​ថយ ពី​សេចក្តី​ក្រោធ​ដ៏​ជា​ខ្លាំង ដែល​ទ្រង់​កើត​មាន​ដល់​ពួក​យូដា ដោយ​ព្រោះ​អស់​ទាំង​សេចក្តី​ចាក់‌រុក ដែល​ម៉ាន៉ាសេ​បាន​ប្រព្រឹត្ត​នឹង​ទ្រង់​នោះ​ឡើយ

27 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ដក​ពួក​យូដា​ពី​មុខ​អញ​ចេញ ដូច​ជា​អញ​បាន​ដក​ពួក​អ៊ីស្រា‌អែល​ចេញ​ដែរ ហើយ​អញ​នឹង​បោះ‌បង់​ចោល​ក្រុង​យេរូ‌សាឡិម​នេះ ដែល​អញ​បាន​រើស និង​ព្រះ‌វិហារ​ដែល​អញ​បាន​ថា ឈ្មោះ​អញ​នឹង​នៅ​ទី​នេះ​នោះ​ផង។

28 រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូសៀស និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

29 នៅ​ក្នុង​រាជ្យ​ទ្រង់ នោះ​ផារ៉ោន-នេកោ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​ឡើង​ទៅ​ច្បាំង​នឹង​ស្តេច​ស្រុក​អាស‌ស៊ើរ ត្រង់​ទន្លេ​អ៊ើប្រាត ឯ​ស្តេច​យ៉ូសៀស​ទ្រង់​ក៏​ចេញ​ទៅ​ស្ទាក់​ផ្លូវ តែ​កាល​ផារ៉ោន-នេកោ​បាន​ឃើញ នោះ​ក៏​សំឡាប់​ទ្រង់​នៅ​ត្រង់​មេគី‌ដោ​ទៅ។