២ ពង្សាវតារក្សត្រ 23:8-14 KHOV

8 រួច​ទ្រង់​នាំ​ពួក​សង្ឃ​ចេញ ពី​ទី​ក្រុង​ស្រុក​យូដា​ទាំង​អស់ ទៅ​ធ្វើ​បង្អាប់​ដល់​អស់​ទាំង​ទី​ខ្ពស់ ដែល​ពួក​សង្ឃ​បាន​ដុត​កំញាន ចាប់​តាំង​ពី​ក្រុង​កេបា រហូត​ដល់​បៀរ-សេបា ទ្រង់​ក៏​បំផ្លាញ​ទី​ខ្ពស់​នៃ​ទ្វារ​ក្រុង ដែល​នៅ​ខាង​ឆ្វេង​ដៃ​នៃ​ខ្លោង‌ទ្វារ​របស់​យ៉ូស្វេ ជា​ចៅ‌ហ្វាយ​ក្រុង

9 ឯ​អស់​ទាំង​សង្ឃ​នៃ​ទី​ខ្ពស់​ទាំង​នោះ គេ​មិន​បាន​ឡើង​ទៅ​ឯ​អាស‌នា​ព្រះ‌យេហូវ៉ា​នៅ​ក្រុង​យេរូ‌សាឡិម​ទេ តែ​គេ​បរិភោគ​នំបុ័ង​ឥត​ដំបែ នៅ​ជា​មួយ​នឹង​ពួក​បង​ប្អូន​គេ​ដែរ

10 ទ្រង់​ក៏​ធ្វើ​បង្អាប់​ដល់​តំបន់​តូផែត ដែល​នៅ​ក្នុង​ច្រក​ភ្នំ របស់​ពួក​កូន​ចៅ​ហ៊ីនណំម ដើម្បី​មិន​ឲ្យ​មាន​អ្នក​ណា​ធ្វើ​ឲ្យ​កូន​ប្រុស ឬ​កូន​ស្រី ឆ្លង​កាត់​ភ្លើង​ថ្វាយ​ព្រះ‌ម៉ូឡុក​ទៀត​ឡើយ

11 ទ្រង់​បំបាត់​សេះ​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​យូដា បាន​ថ្វាយ​ដល់​ព្រះ‌អាទិត្យ​ដែល​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក្បែរ​បន្ទប់​របស់​នេថាន-មេលេក ជា​មេ​ដែល​នៅ​តំបន់​ក្រៅ ហើយ​ក៏​ដុត​រថ​នៃ​ព្រះ‌អាទិត្យ​ចោល

12 ឯ​អាស‌នា​ដែល​ពួក​ស្តេច​យូដា​បាន​ធ្វើ នៅ​លើ​ដំបូល​បន្ទប់​ខាង​លើ​របស់​អ័ហាស និង​អាស‌នា​ដែល​ម៉ាន៉ាសេ បាន​ធ្វើ​នៅ​ក្នុង​ទីលាន​ទាំង​២​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ស្តេច​ក៏​បំបែក​បំបាក់​យក​ចេញ​ពី​នោះ បោះ​ចោល​ផង់​កំទេច​ទៅ​ក្នុង​ជ្រោះ​កេដ្រុន​ទៅ

13 ហើយ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​មុខ​ក្រុង​យេរូ‌សាឡិម គឺ​នៅ​ខាង​ស្តាំ​ភ្នំ​អសោច ដែល​សាឡូ‌ម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល បាន​ធ្វើ​ថ្វាយ​ដល់​ព្រះ‌អាស‌ថារ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ស៊ីដូន និង​ថ្វាយ​ដល់​ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ម៉ូអាប់ ហើយ​ថ្វាយ​ដង្វាយ​ដល់​ព្រះ‌មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​អាំម៉ូន នោះ​ស្តេច​ទ្រង់​ក៏​ធ្វើ​បង្អាប់​ទាំង​អស់​ដែរ

14 ក៏​បំបាក់​បំបែក​អស់​ទាំង​បង្គោល ដែល​សំរាប់​គោរព ហើយ​រំលំ​រូប​ព្រះ រួច​យក​ឆ្អឹង​មនុស្ស​មក​រាយ​ពេញ​កន្លែង​នោះ។