២ ពង្សាវតារក្សត្រ 24:14-20 KHOV

14 ទ្រង់​ក៏​ដឹក‌នាំ​ពួក​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ទៅ ព្រម​ទាំង​ពួក​អ្នក​ធំ និង​ពួក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ទៅ​ផង ឯ​ពួក​ឈ្លើយ​ទាំង​អស់​មាន​ចំនួន​១​ម៉ឺន​នាក់ រួម​ទាំង​ពួក​រចនា និង​ពួក​ជាង​ទាំង​អស់​ដែរ សល់​នៅ​តែ​មនុស្ស​ទាល់​ក្រ​បំផុត នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ

15 ទ្រង់​ក៏​ដឹក‌នាំ​យ៉ូយ៉ា‌គីន ព្រម​ទាំង​ព្រះ‌មាតា និង​ភរិយា ហើយ​ពួក​មេ‌ទ័ព និង​ពួក​អ្នក​ធំ​ក្នុង​ស្រុក​នោះ​ផង ទៅ​ឯ​ស្រុក​បាប៊ី‌ឡូន គឺ​ទ្រង់​នាំ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ី‌ឡូន​នោះ

16 ឯ​អស់​ទាំង​មនុស្ស​ខ្លាំង​ពូកែ ចំនួន​ជា​៧​ពាន់​នាក់ និង​ពួក​រចនា ហើយ​ពួក​ជាង ចំនួន​ជា​១​ពាន់​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ពេញ​កំឡាំង​ល្មម​ច្បាំង​បាន នោះ​ស្តេច​បាប៊ី‌ឡូន​បាន​នាំ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ី‌ឡូន​ទាំង​អស់

17 រួច​ស្តេច​បាប៊ី‌ឡូន​ទ្រង់​លើក​ម៉ាថានា ជា​មា​របស់​យ៉ូយ៉ា‌គីន តាំង​ឡើង​ឲ្យ​បាន​សោយ‌រាជ្យ​ជំនួស ក៏​ផ្លាស់​ព្រះ‌នាម​ទៅ​ជា​សេដេគា។

18 កាល​សេដេគា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២១​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១១​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា ហាមូ‌ថាល បុត្រី​យេរេមី ជា​អ្នក​ស្រុក​លិបណា

19 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​អំពើ​ដែល​យេហូ‌យ៉ា‌គីម​បាន​ប្រព្រឹត្ត​ដែរ

20 គឺ​យ៉ាង​នោះ​ដែល​សេចក្តី​ក្រោធ​នៃ​ព្រះ‌យេហូវ៉ា បាន​កើត​ឡើង​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​ស្រុក​យូដា ដរាប​ដល់​ទ្រង់​បាន​បោះ​គេ​ចោល​ពី​ចំពោះ​ទ្រង់​ចេញ។