2 គ្រានោះ ព្រះយេហូវ៉ាទ្រង់ចាត់ប្រើពួកកងសាសន៍ខាល់ដេ សាសន៍ស៊ីរី សាសន៍ម៉ូអាប់ និងពួកកូនចៅអាំម៉ូន ឲ្យមកទាស់នឹងទ្រង់ ដើម្បីនឹងបំផ្លាញស្រុកយូដាទៅ តាមសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារពួកហោរា ជាអ្នកបំរើទ្រង់
3 ពិតប្រាកដជាសេចក្តីទាំងនោះកើតមកដល់ស្រុកយូដា ដោយបង្គាប់នៃព្រះយេហូវ៉ា ដើម្បីនឹងដកគេ ពីចំពោះទ្រង់ចេញ ដោយព្រោះអំពើបាបរបស់ម៉ាន៉ាសេ ដែលទ្រង់បានប្រព្រឹត្តទាំងប៉ុន្មាន
4 ហើយដោយព្រោះឈាមឥតទោស ដែលទ្រង់បានកំចាយផង ដ្បិតទ្រង់បានធ្វើឲ្យក្រុងយេរូសាឡិម ពេញដោយឈាមដែលឥតទោសនោះ ហើយព្រះយេហូវ៉ាទ្រង់មិនព្រមអត់ទោសឲ្យទេ
5 រីឯដំណើរឯទៀតពីយេហូយ៉ាគីម និងការទាំងប៉ុន្មានដែលទ្រង់បានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាស្រេចហើយ
6 យេហូយ៉ាគីមក៏ផ្ទំលក់ទៅ ជាមួយនឹងពួកអយ្យកោទ្រង់ រួចយ៉ូយ៉ាគីន ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា
7 ឯស្តេចស្រុកអេស៊ីព្ទ ទ្រង់មិនបានចេញពីស្រុកទ្រង់មកទៀតទេ ដ្បិតស្តេចស្រុកបាប៊ីឡូន ទ្រង់បានវាយយកស្រុករបស់ស្តេចអេស៊ីព្ទទាំងប៉ុន្មាន ចាប់តាំងពីជ្រោះស្រុកអេស៊ីព្ទ រហូតដល់ទន្លេអ៊ើប្រាតហើយ។
8 កាលយ៉ូយ៉ាគីនចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣ខែ ព្រះមាតាទ្រង់ព្រះនាម ជានេហ៊ូសថា បុត្រីអែលណាថាន ជាអ្នកក្រុងយេរូសាឡិម