7 ឯស្តេចស្រុកអេស៊ីព្ទ ទ្រង់មិនបានចេញពីស្រុកទ្រង់មកទៀតទេ ដ្បិតស្តេចស្រុកបាប៊ីឡូន ទ្រង់បានវាយយកស្រុករបស់ស្តេចអេស៊ីព្ទទាំងប៉ុន្មាន ចាប់តាំងពីជ្រោះស្រុកអេស៊ីព្ទ រហូតដល់ទន្លេអ៊ើប្រាតហើយ។
8 កាលយ៉ូយ៉ាគីនចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣ខែ ព្រះមាតាទ្រង់ព្រះនាម ជានេហ៊ូសថា បុត្រីអែលណាថាន ជាអ្នកក្រុងយេរូសាឡិម
9 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើ ដែលព្រះបិតាទ្រង់បានប្រព្រឹត្តដែរ។
10 នៅគ្រានោះ ពួកពលទ័ពរបស់នេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន ក៏ឡើងមកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម
11 ឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់ក៏ឡើងមកដល់ទីក្រុង កំពុងដែលពួកពលទ័ពទ្រង់ឡោមព័ទ្ធនោះ
12 ហើយយ៉ូយ៉ាគីន ជាស្តេចយូដា ព្រមទាំងព្រះមាតា ពួកជំនិត ពួកអ្នកធំ និងពួកមេទ័ពរបស់ទ្រង់ផង ក៏ចេញទៅគាល់ស្តេចបាប៊ីឡូន គឺនៅឆ្នាំទី៨ក្នុងរាជ្យទ្រង់នោះឯង ដែលស្តេចបាប៊ីឡូនចាប់យកបាន
13 នេប៊ូក្នេសាក៏នាំយកអស់ទាំងទ្រព្យវិសេស ពីព្រះវិហារនៃព្រះយេហូវ៉ា ហើយពីព្រះរាជវាំងចេញមក ក៏យកអស់ទាំងគ្រឿងប្រដាប់មាស ដែលសាឡូម៉ូន ជាស្តេចអ៊ីស្រាអែលបានធ្វើ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា កាត់ជាដុំៗ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូល