9 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើ ដែលព្រះបិតាទ្រង់បានប្រព្រឹត្តដែរ។
10 នៅគ្រានោះ ពួកពលទ័ពរបស់នេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន ក៏ឡើងមកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម
11 ឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់ក៏ឡើងមកដល់ទីក្រុង កំពុងដែលពួកពលទ័ពទ្រង់ឡោមព័ទ្ធនោះ
12 ហើយយ៉ូយ៉ាគីន ជាស្តេចយូដា ព្រមទាំងព្រះមាតា ពួកជំនិត ពួកអ្នកធំ និងពួកមេទ័ពរបស់ទ្រង់ផង ក៏ចេញទៅគាល់ស្តេចបាប៊ីឡូន គឺនៅឆ្នាំទី៨ក្នុងរាជ្យទ្រង់នោះឯង ដែលស្តេចបាប៊ីឡូនចាប់យកបាន
13 នេប៊ូក្នេសាក៏នាំយកអស់ទាំងទ្រព្យវិសេស ពីព្រះវិហារនៃព្រះយេហូវ៉ា ហើយពីព្រះរាជវាំងចេញមក ក៏យកអស់ទាំងគ្រឿងប្រដាប់មាស ដែលសាឡូម៉ូន ជាស្តេចអ៊ីស្រាអែលបានធ្វើ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា កាត់ជាដុំៗ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូល
14 ទ្រង់ក៏ដឹកនាំពួកក្រុងយេរូសាឡិមទាំងអស់ទៅ ព្រមទាំងពួកអ្នកធំ និងពួកខ្លាំងពូកែ ដែលមានចិត្តក្លាហានទៅផង ឯពួកឈ្លើយទាំងអស់មានចំនួន១ម៉ឺននាក់ រួមទាំងពួករចនា និងពួកជាងទាំងអស់ដែរ សល់នៅតែមនុស្សទាល់ក្របំផុត នៅក្នុងស្រុកប៉ុណ្ណោះ
15 ទ្រង់ក៏ដឹកនាំយ៉ូយ៉ាគីន ព្រមទាំងព្រះមាតា និងភរិយា ហើយពួកមេទ័ព និងពួកអ្នកធំក្នុងស្រុកនោះផង ទៅឯស្រុកបាប៊ីឡូន គឺទ្រង់នាំគេចេញពីក្រុងយេរូសាឡិម ទៅជាឈ្លើយដល់ស្រុកបាប៊ីឡូននោះ