២ ពង្សាវតារក្សត្រ 25:21-27 KHOV

21 ស្តេច​បាប៊ី‌ឡូន​ក៏​សំឡាប់​អ្នក​ទាំង​នោះ នៅ​ត្រង់​រីបឡា ក្នុង​ស្រុក​ហាម៉ាត​ទៅ ដូច្នេះ ពួក​យូដា​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ក្រៅ​ពី​ស្រុក​របស់​ខ្លួន។

22 ឯ​ពួក​ជន ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន​បាន​ទុក​ឲ្យ​សល់​នៅ​ក្នុង​ស្រុក​យូដា នោះ​ទ្រង់​ក៏​តាំង​កេដាលា​ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​គេ

23 រីឯ​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន និង​ពួក​ទាហាន​របស់​គេ កាល​បាន​ឮ​ថា ស្តេច​បាប៊ី‌ឡូន​បាន​តាំង​កេដាលា ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយ​ដូច្នោះ នោះ​គេ​ក៏​មក​ឯ​កេដាលា នៅ​ក្រុង​មីសប៉ា គឺ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា​១ យ៉ូហា‌ណាន​ជា​កូន​ការា​១ សេរ៉ាយ៉ា ជា​កូន​ថាន‌ហ៊ូមែត ជា​អ្នក​ស្រុក​នថូផា​១ និង​យ្អាសានា ជា​កូន​របស់​អ្នក​ស្រុក​ម៉ាកាធី​ម្នាក់​១ ព្រម​ទាំង​ពួក​ទាហាន​របស់​គេ​ផង

24 កេដាលា​ក៏​ស្បថ​នឹង​គេ ហើយ​នឹង​ពួក​គេ​ទាំង​ប៉ុន្មាន ដោយ​ពាក្យ​ថា កុំ​ឲ្យ​ខ្លាច ដោយ​ព្រោះ​ពួក​អ្នក​ដែល​ចុះ​ចូល​ខាង​ពួក​ខាល់ដេ​ឡើយ ចូរ​នៅ​ក្នុង​ស្រុក ហើយ​ចុះ​ចូល​ចំពោះ​ស្តេច​បាប៊ី‌ឡូន​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សុខ

25 ប៉ុន្តែ​ដល់​ខែ​អស្សុជ នោះ​អ៊ីស‌ម៉ា‌អែល កូន​នេថានា ដែល​ជា​កូន​អេលី‌សាម៉ា ជា​ពូជ​ស្តេច បាន​នាំ​មនុស្ស​១០​នាក់​មក​ជា​មួយ ប្រហារ​ជីវិត​កេដាលា​ទៅ ព្រម​ទាំង​ពួក​យូដា និង​ពួក​ខាល់ដេ ដែល​នៅ​ជា​មួយ​នឹង​លោក នៅ​ក្រុង​មីសប៉ា​ផង

26 នោះ​ពួក​បណ្តា‌ជន​ទាំង‌ឡាយ ទាំង​តូច ទាំង​ធំ និង​ពួក​មេ‌ទ័ព ក៏​នាំ​គ្នា​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ ពី​ព្រោះ​គេ​ខ្លាច​ពួក​ខាល់ដេ។

27 រីឯ​នៅ​ឆ្នាំ​ទី​៣៧ ដែល​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា​នៅ​ជាប់​ជា​ឈ្លើយ​នៅ​ឡើយ ក្នុង​ថ្ងៃ​២៧​ខែ​ផល្គុណ នោះ​អេវីល-មេរូដាក ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង ហើយ​ក៏​ប្រោស​មេត្តា ដល់​យ៉ូយ៉ា‌គីន​ជា​ស្តេច​យូដា ដោះ​ចេញ​ពី​គុក នៅ​ឆ្នាំ​នោះ​ឯង