23 រីឯពួកមេទ័ពទាំងប៉ុន្មាន និងពួកទាហានរបស់គេ កាលបានឮថា ស្តេចបាប៊ីឡូនបានតាំងកេដាលា ឲ្យធ្វើជាចៅហ្វាយដូច្នោះ នោះគេក៏មកឯកេដាលា នៅក្រុងមីសប៉ា គឺអ៊ីសម៉ាអែល ជាកូននេថានា១ យ៉ូហាណានជាកូនការា១ សេរ៉ាយ៉ា ជាកូនថានហ៊ូមែត ជាអ្នកស្រុកនថូផា១ និងយ្អាសានា ជាកូនរបស់អ្នកស្រុកម៉ាកាធីម្នាក់១ ព្រមទាំងពួកទាហានរបស់គេផង
24 កេដាលាក៏ស្បថនឹងគេ ហើយនឹងពួកគេទាំងប៉ុន្មាន ដោយពាក្យថា កុំឲ្យខ្លាច ដោយព្រោះពួកអ្នកដែលចុះចូលខាងពួកខាល់ដេឡើយ ចូរនៅក្នុងស្រុក ហើយចុះចូលចំពោះស្តេចបាប៊ីឡូនចុះ នោះអ្នករាល់គ្នានឹងបានសេចក្តីសុខ
25 ប៉ុន្តែដល់ខែអស្សុជ នោះអ៊ីសម៉ាអែល កូននេថានា ដែលជាកូនអេលីសាម៉ា ជាពូជស្តេច បាននាំមនុស្ស១០នាក់មកជាមួយ ប្រហារជីវិតកេដាលាទៅ ព្រមទាំងពួកយូដា និងពួកខាល់ដេ ដែលនៅជាមួយនឹងលោក នៅក្រុងមីសប៉ាផង
26 នោះពួកបណ្តាជនទាំងឡាយ ទាំងតូច ទាំងធំ និងពួកមេទ័ព ក៏នាំគ្នាទៅឯស្រុកអេស៊ីព្ទទៅ ពីព្រោះគេខ្លាចពួកខាល់ដេ។
27 រីឯនៅឆ្នាំទី៣៧ ដែលយ៉ូយ៉ាគីន ជាស្តេចយូដានៅជាប់ជាឈ្លើយនៅឡើយ ក្នុងថ្ងៃ២៧ខែផល្គុណ នោះអេវីល-មេរូដាក ជាស្តេចស្រុកបាប៊ីឡូន ទ្រង់ចាប់តាំងសោយរាជ្យឡើង ហើយក៏ប្រោសមេត្តា ដល់យ៉ូយ៉ាគីនជាស្តេចយូដា ដោះចេញពីគុក នៅឆ្នាំនោះឯង
28 ក៏មានព្រះបន្ទូលនឹងទ្រង់ ដោយផ្អែមពីរោះ ព្រមទាំងតាំងបល្ល័ង្កទ្រង់ឲ្យខ្ពស់ជាងពួកស្តេច ដែលនៅជាមួយ នៅក្រុងបាប៊ីឡូនផង
29 ហើយបំផ្លាស់សំលៀកបំពាក់គុក ពីទ្រង់ចេញ ដូច្នេះ យ៉ូយ៉ាគីនក៏សោយព្រះស្ងោយនៅចំពោះទ្រង់ជានិច្ច ដរាបដល់អស់ព្រះជន្ម