២ ពង្សាវតារក្សត្រ 25:8-14 KHOV

8 ដល់​ថ្ងៃ​៧ ខែ​ស្រាពណ៍ គឺ​នៅ​ឆ្នាំ​ទី​១៩ ក្នុង​រាជ្យ​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន នោះ​នេប៊ូ‌សា‌រ៉ា‌ដាន ជា​មេ‌ទ័ព​ធំ​របស់​ស្តេច​បាប៊ី‌ឡូន បាន​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម

9 ក៏​ដុត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង ហើយ​ផ្ទះ​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ លោក​ដុត​ចោល​អស់​ទាំង​ផ្ទះ​ធំៗ

10 រួច​ពួក​ទ័ព​ខាល់ដេ​ទាំង​អស់ ដែល​នៅ​ជា​មួយ​នឹង​មេ‌ទ័ព​ធំ ក៏​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម​គ្រប់​ជុំវិញ

11 ហើយ​សំណល់​ជន​ដែល​នៅ​សល់​ក្នុង​ទី​ក្រុង និង​ពួក​អ្នក​ដែល​បាន​រត់​ទៅ​ពឹង​ស្តេច​បាប៊ី‌ឡូន និង​មនុស្ស​ឯ​ទៀត​ដែល​នៅៗ​ឡើយ នោះ​នេប៊ូ‌សា‌រ៉ា‌ដាន ក៏​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​អស់

12 តែ​បាន​ទុក​ពួក​ទាល់​ក្រ​នៅ​ក្នុង​ស្រុក​ឲ្យ​គេ​រក្សា​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​ធ្វើ​ស្រែ​ចំការ​វិញ។

13 រីឯ​សសរ​លង្ហិន និង​ជើង​កំណល់ ហើយ​សមុទ្រ​លង្ហិន ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ពួក​ខាល់ដេ​ក៏​បំបែក​ជា​ដុំៗ ដឹក​យក​លង្ហិន​ទាំង​នោះ​ទៅ​ដល់​ស្រុក​បាប៊ី‌ឡូន

14 ហើយ​ឆ្នាំង ចប‌ចូក ដង្កៀប កូន​ចាន និង​គ្រឿង​ប្រដាប់​លង្ហិន ទាំង​ប៉ុន្មាន ដែល​សំរាប់​ការ‌ងារ​នោះ​គេ​ក៏​យក​ទៅ​ដែរ