២ ពង្សាវតារក្សត្រ 3:13-19 KHOV

13 ឯ​អេលី‌សេ ក៏​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា តើ​ទ្រង់​នឹង​ទូល‌បង្គំ​ត្រូវ​ការ​អ្វី​នឹង​គ្នា ចូរ​ទៅ​ឯ​ពួក​ហោរា​របស់​ព្រះ‌បិតា និង​ព្រះ‌មាតា​ទ្រង់​ចុះ តែ​ស្តេច​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​តប​ថា ទេ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ហៅ​ស្តេច​ទាំង​៣​អង្គ​នេះ​មក ដើម្បី​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ពួក​ម៉ូអាប់​ហើយ

14 រួច​អេលី‌សេ​ទូល​ថា ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល​បរិវារ ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទូល‌បង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា បើ​ទូល‌បង្គំ​មិន​បាន​យល់​ដល់​យ៉ូសា‌ផាត ជា​ស្តេច​យូដា នោះ​ប្រាកដ​ជា​ទូល‌បង្គំ​មិន​ព្រម​ទាំង​ក្រឡេក​មើល​ទៅ​ទ្រង់ ឬ​ឃើញ​ទ្រង់​ទេ

15 តែ​ឥឡូវ​នេះ សូម​នាំ​អ្នក​ភ្លេង​ម្នាក់​មក​ឯ​ទូល‌បង្គំ រួច​កាល​អ្នក​នោះ​កំពុង​តែ​លេង​ភ្លេង នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​លើ​អេលី‌សេ

16 ហើយ​លោក​ទាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ជីក​ប្រឡាយ​ឲ្យ​ពេញ​ក្នុង​ច្រក​ភ្នំ​នេះ​ទៅ

17 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​មិន​ឃើញ​ខ្យល់​បក់ ឬ​ភ្លៀង​ធ្លាក់​ឡើយ តែ​ច្រក​ភ្នំ​នេះ​នឹង​មាន​ទឹក​ពេញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ទឹក​ផឹក ព្រម​ទាំង​ហ្វូង​សត្វ និង​សត្វ​ជំនិះ​របស់​ឯង​រាល់​គ្នា​ផង

18 ឯ​ការ​នេះ​ក៏​ជា​ការ​យ៉ាង​តូច នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទេ គឺ​ព្រះ​ទ្រង់​នឹង​ប្រគល់​សាសន៍​ម៉ូអាប់​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ទ្រង់​ទៀត

19 ត្រូវ​ឲ្យ​វាយ​អស់​ទាំង​ទី​ក្រុង​មាន​កំផែង និង​គ្រប់​ទាំង​ទី​ក្រុង​យ៉ាង​វិសេស ព្រម​ទាំង​កាប់​អស់​ទាំង​ឈើ​ល្អ និង​ខ្ទប់​អស់​ទាំង​រន្ធ​ទឹក ហើយ​យក​ដុំ​ថ្ម​ទៅ រាយ​បង្ខូច​អស់​ទាំង​ស្រែ​ចំការ​ល្អៗ